Barcelona អាចនឹងបើកការចរចានាំយកកីឡាករខ្សែប្រយុទ្ធម្នាក់ដែលមានឈ្មោះ Luis Suarez មកកាន់ទឹកដីកាតាឡាន់ ដើម្បីដោះស្រាយវិបត្តិខ្សែប្រយុទ្ធបន្ទាប់ពី Luis Suarez បច្ចុប្បន្ន កំពុងព្យាបាលរបួសរយៈពេលវែង និងមានវ័យកាន់តែជ្រេ។

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ហង្សក្រហម Liverpool វ័យ៣៣ឆ្នាំ រកបានគ្រាប់បាល់ចំនួន ១៤គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានចំនួន ១១គ្រាប់ ក្នុងចំណោម២៣ប្រកួតឱ្យ Barcelona ក្នុងរដូវកាលនេះ​បានរងរបួសជង្គង់ខាងស្តាំ ដែលនឹងខកខានការប្រកួតទាំងអស់រហូតបញ្ចប់រដូលកាល។

លោក Quique Setien បន្ទាប់ពីបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លឹបអ្នកមានបុណ្យ Barcelona កាលពីថ្ងៃទី១៣ ខែមករា បានខកខានក្នុងការនាំយកកីឡាករថ្មីល្អៗចូលរួមក្នុងទីផ្សារដោះដូរកីឡាករនាខែមករាកន្លងទៅនេះ​។

ក្រោយបរាជ័យក្នុងការនាំចូលកីឡាករថ្មីនាខែមករា លោក Quique Setien បានបង្ហាញចំណាប់អារម្មណ៍ទៅលើ Luis Suarez វ័យ ២២ឆ្នាំ ដែលកំពុងលេងនៅកិ្លប Real Zaragoza (ខ្ចីជើងពីក្លឹប Watford-U23) លីគលំដាប់ទី២ របស់អេស្ប៉ាញ ក្រោយបង្ហាញទម្រង់លេងគួរឱ្យភ្ញាក់ផ្អើល ជាមួយគ្រាប់បាល់ ១៤គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៣គ្រាប់ក្នុង ២៥ប្រកួតឱ្យ Real Zaragoza។

Luis Suarez កីឡាករវ័យក្មេង សញ្ជាតិកូឡុំប៊ី បានចាកចេញពីក្លឹបទឹកដីកំណើត LeonesFC ដើម្បីចូលរួមជាមួយយុវជនរបស់ Watford កាលពីឆ្នាំ២០១៧ និងបន្តលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប Real Valladolid (រដូវកាល២០១៧-២០១៨), Gimnastic (រដូវកាល២០១៨-២០១៩) និង Real Zaragoza (រដូវកាល២០១៩-បច្ចុប្បន្ន)៕

Via: Khmerlaod