លោក Juergen Klinsmann កាលពីថ្ងៃអង្គារ បានលែងលែងក្នុងនាមជាគ្រូបង្វឹករបស់ក្លិប Hertha Berlin ក្រោយពីដឹកនាំបានរយៈពេលត្រឹមតែ១០សប្តាហ៍ ដោយបង្ហើបពីការខ្វះនូវការគាំទ្រ និងការជឿទុកចិត្ត។

លោក Klinsmann អតីតសមាជិកឈ្នះពាន World Cup បានចូលជំនួសលោក Ante Covic ក្នុងនាមជាគ្រូបង្វឹក កាលពីចុងខែវិច្ឆិកា ស្របពេលដែលក្លិប Hertha កំពុងតែធ្លាក់ចូលតំបន់កាត់ចោល។

ប៉ុន្តែ បើទោះបីសន្យាថា នឹងផ្លាស់ប្តូរជោគវាសនារបស់ក្លិប និងធ្វើឲ្យពួកគេក្លាយជាក្រុមខ្លាំងក្នុងប្រទេសអាល្លឺម៉ង់ ក្នុងរយៈពេល២ ទៅ៣រដូវកាលទៀតក៏ដោយ ក្លិប Hertha បានកត់ត្រាជ័យជម្នះត្រឹមតែ១លើកគត់ ក្នុងចំណោមការប្រកួតលីកទាំង៥លើកចុងក្រោយរបស់ពួកគេ និងស្ថិតក្នុងចំណាត់ថ្នាក់លេខ១៤ ដោយនាំមុខលើក្រុមស្ថិតក្នុងតំបន់កាត់ចោលចំនួន៦ពិន្ទុ៕

ប្រភពព័ត៌មាន៖ Channel News Asia