ខ្សែបម្រើប្រយុទ្ធ Hakim Ziyech របស់ក្លិប Ajax នឹងត្រូវផ្ទេរទៅកាន់ក្លិប Chelsea នៅរដូវក្តៅខាងមុខនេះ ក្រោយពីក្លិបទាំង២បានឈានដល់ការព្រមព្រៀងគ្នាជាផ្លូវការមួយ។ នេះបើយោងទៅតាមការចេញផ្សាយរបស់កាសែតហូឡង់ កាលពីថ្ងៃពុធ។

កាសែតប្រចាំថ្ងៃ De Telegraaf បានចេញផ្សាយថា ក្លិបយក្សនៅទីក្រុង Amsterdam និងក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានឈានដល់ការព្រមព្រៀងគ្នាលើតម្លៃខ្លួនប្រមាណជា៤៥លានអឺរ៉ូ (ស្មើនឹង៥០លានដុល្លារអាមេរិក) សម្រាប់កីឡាករអន្តរជាតិម៉ារ៉ុក ដើមកំណើតហូឡង់វ័យ២៦ឆ្នាំរូបនេះ។

កាសែតដដែលបានចេញផ្សាយថា៖ «ថ្នាក់ដឹកនាំរបស់ក្លិប Ajax បានឈានដល់ការព្រមព្រៀងគ្នាដោយផ្ទាល់មាត់មួយកាលពីរយៈពេល២៤ម៉ោងមុននេះ ជាមួយនឹងក្លិបយក្សមកពីទីក្រុងឡុងដ៍ ដើម្បីផ្ទេរខ្សែបម្រើអន្តរជាតិម៉ារ៉ុក នៅរដូវក្តៅខាងមុខនេះ»។

លោក Frank Lampard អ្នកចាត់ការទូទៅរបស់ក្រុម Chelsea ជឿជាក់ថា Ziyech «គឺជាកីឡាករកំពូលម្នាក់ និងជាកីឡាករដែលអាចជួយពង្រឹងក្រុមជាពិសេស ក្រោយពីលោកបានណែនាំឲ្យធ្វើឲ្យការផ្ទេរនេះកើតឡើង នៅមុនពេលរដូវក្តៅ ខាងមុខ»។

ក្លិបនានា អាចយល់ព្រម និងចុះហត្ថលេខាផ្ទេរ កៅពីថ្ងៃបើកទីផ្សារដោះដូរកីឡាករនាខែមករារបស់ក្របខ័ណ្ឌអង់គ្លេស Premier League បាន ប៉ុន្តែកីឡាករទាំងមិនអាចផ្ទេរទៅកាន់ក្លិបថ្មីភ្លាមៗឡើយ ដោយត្រូវរង់ចាំឲ្យទីផ្សារដោះដូរកីឡាករបើកម្តងទៀត៕

ប្រភពព័ត៌មាន៖ Channel News Asia