ខ្សែបម្រើប្រយុទ្ធ Hakim Ziyech នឹងចូលរួមជាមួយនឹងក្លិប Chelsea ពីក្រុមម្ចាស់ជើងឯកហូឡង់ Ajax នៅរដូវក្តៅនេះ ក្នុងការផ្ទេរមួយដេលមានតម្លៃខ្លួន៤០លានអឺរ៉ូ (ស្មើនឹង៤៣,៤លានដុល្លារអាមេរិក)។

នេះបើយោងទៅតាមការប្រកាសរបស់ក្លិបទាំង២ កាលពីថ្ងៃព្រហស្បតិ៍។ ការប្រកាសនេះ នឹងបញ្ចប់ពាក្យចរចាមអារ៉ាមផ្សេងៗជុំវិញអនាគតរបស់ Ziyech វ័យ២៦ឆ្នាំ ដែលជាកីឡាករអន្តរជាតិម៉ារ៉ុក។ ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Eredivisie បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប Ajax និង Chelsea បានឈានដល់ការព្រមព្រៀងគ្នាមួយសម្រាប់ការផ្ទេរ Hakim Ziyech។

កីឡាកររូបនេះ នឹងចូលរួមជាមួយនឹងក្លិបរបស់ក្របខ័ណ្ឌ Premier League នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ហើយនិងត្រូវបញ្ចប់រដូវកាលនេះក្នុងទីក្រុង Amsterdam»។ Ajax បានបន្ថែមទៀតថា៖ «ក្លិបទាំង២ បានឈាននដល់ការផ្ទេរមួយក្នុងតម្លៃខ្លួន៤០លានអឺរ៉ូ។ តម្លៃខ្លួននេះ អាចនឹងកើនឡើងរហូតដល់៤៤លានអឺរ៉ូ ដោយបូកថែមប្រាក់ឧបត្ថម្ភផ្សេងៗ»។

ក្លិប Chelsea បានប្រកាសពីការផ្ទេរនេះ តាមរយៈការកោតសរសើរតារាឆ្នើមដើមកំណើតហូឡង់ Ziyech ក្នុងនាមជាអ្នករកគ្រាប់បាល់ដ៏មុតស្រួចក្នុងអាជីពរបស់គេ។ ក្លិប Chelsea បានឲ្យដឹងថា៖ «Ziyech គឺជាខ្សែប្រយុទ្ធជំនាញជើងឆ្វេង ដែលលេងបានយ៉ាងល្អនៅស្លាបខាងស្តាំ និងតំបន់ប្រយុទ្ធ ខណៈដែលរូបគេបានធ្វើយ៉ាងល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីជួយដល់ក្លិប Ajax ហើយរូបគេក៏លេងបានយ៉ាងល្អផងដែរក្នុងតំបន់ប្រយុទ្ធ»៕

ប្រភពព័ត៌មាន៖ Channel News Asia