គ្រាប់បាល់ស៊ុតប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួតដ៏ចម្រូងចម្រាស់របស់ Cristiano Ronaldo បានជួយសង្គ្រោះក្រុម Juventus ក្នុងពេលពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងការប្រកួតជើងទី១នៃពាន Coppa Italia វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅលើទឹកដីក្រុម AC Milan កាលពីថ្ងៃព្រហស្បតិ៍។

Juventus ហាក់ដូចជាត្រូវរងបរាជ័យជាលើកទី៣ជាប់ៗគ្នារបស់ពួកគេទៅហើយ ក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អរបស់ Ante Rebic បានជួយឲ្យក្រុម AC Milan នាំមុខមុន នៅមុនពេលក្រុមម្ចាស់ផ្ទះបាត់បង់ខ្សែបម្រើ Theo Hernandez ដោយសារតែការរងពិន័យកាតលឿងជាលើកទី២ បន្ទាប់ពីនាទី ទី៧១។

Juventus បច្ចុប្បន្ន នឹងត្រូវក្លាយជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការឈានទៅវគ្គបន្ត ក្នុងការប្រកួតជើងទី២ នាកីឡដ្ឋាន Allianz នៅខែក្រោយនេះ ខណៈដែលទាំងក្រុមសេះបង្កង់ និង AC Milan នឹងត្រូវប្រជែងយកកៅអីទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីជួបជាមួយនឹងក្រុម Inter Milan ឬ Napoli។

ការប្រកួតជើងទី២នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៤ និងទី៥ ខែមីនា ខណៈដែលវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែឧសភា នៅកីឡដ្ឋាន Stadio Olimpico ក្នុងទីក្រុងរ៉ូម៕

ប្រភពព័ត៌មាន៖ BBC