អ្នកលេងគុនចម្រុះសញ្ជាតិហូឡង់ Reinier De Ridder ឬ គេស្គាល់ឈ្មោះក្រៅថា “The Dutch Knight” មានភាពជឿជាក់ថា ជ័យជម្នះដ៏ល្អទល់នឹង Leandro Ataides ឬ “Wolf” នឹងជួយរូបគេអាចតតាំងម្ចាស់ខ្សែក្រវាត់ ONE Middleweight World Champion កីឡាករសញ្ជាតិមីយ៉ាន់ម៉ា Aung La N Sang ឬ “The Burmese Python” បាន។
កីឡាករជំនាញក្បាច់ជឺជិតស៊ូកម្រិតខ្សែក្រវាត់ខ្មៅដែលមិនទាន់ចាញ់សោះមកពីក្រុង Breda របស់ហូឡង់ បានយកឈ្នះអតីតអ្នកធ្លាប់ប្រជែងម្ចាស់ខ្សែក្រវាត់ World Title នៅក្នុងកម្មវិធី ONE: WARRIOR’S CODE កាលថ្ងៃសុក្រទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២០ កន្លងទៅនៅក្រុងហ្សាកាតាប្រទេស ឥណ្ឌូណេស៊ី។ De Ridder នឹងកាន់តែរីកចម្រើនឡើងនៅក្នុងអាជីពរបស់ខ្លួននិងផ្ដល់ឲ្យរូបគេស្ថិតក្នុងជំនឿឆ្ពោះទៅរកជោគជ័យនៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។
ក្រោយទទួលជ័យជម្នះនៅសង្វៀន Istora Senayan កីឡាកររហស្សនាម “The Dutch Knight” បានលាតត្រដាងអំពីផែនការ និង បទពិសោធន៍ល្អកន្លងមកដែលនាំឲ្យរូបគេឈានទៅយកឈ្នះ “The Burmese Python” ត្រូវប្រឈមមុខដាក់គ្នា។ សូមតាមដានសំណួរចម្លើយខាងក្រោម។
ONE Championship: តើ De Ridder មានអារម្មណ៍បែបណាពេលឈ្នះនៅក្រុងហ្សាកាតា?
Reinier De Ridder: ខ្ញុំប្រើពេលច្រើនដែលរំលឹកអំពីជ័យជម្នះនេះនៅពេលជិះយន្តហោះទៅផ្ទះ ហើយខ្ញុំមានពេលជជែកជាមួយគ្រូបង្វឹករបស់ខ្ញុំច្រើនដែរ។ ការពិតណាស់ ខ្ញុំអាចតតាំងយ៉ាងស្វិតស្វាញក្នុងរយៈពេល ៣ទឹក និងបានបង្ហាញអំពីការប្រកួតរបស់ខ្ញុំដើម្បីទទួលជ័យជម្នះ។ ប៉ុន្តែមានរឿងជាច្រើន ខ្ញុំមិនបានគោរពតាមផែនការរបស់ខ្ញុំទាល់តែសោះ។ យ៉ាងណាក៏ដោយ ខ្ញុំសប្បាយចិត្ត ពេលខ្ញុំទទួលជ័យជម្នះ។
ONE: តើ De Ridder បានរៀនអ្វីខ្លះអំពីការឈ្នះលើកដំបូងដោយពិន្ទុក្នុងអាជីព?
RDR: បាទ! វាបានបង្រៀនខ្ញុំបានច្រើន ជាពិសេសបង្រៀនអំពីតិកនិកនៃការប្រកួតទៀតផង។ មានរឿងច្រើនដែលត្រូវធ្វើ ហើយខ្ញុំនឹងប្រកួតកាន់តែល្អក្នុងពេលក្រោយ ។ ខ្ញុំបានគិតរួចមកហើយ។ ខ្ញុំបានត្រលប់មកហ្វឹកហាត់វិញហើយ។ ខ្ញុំមិនទាន់ហ្វឹកហាត់ខ្លាំងទេ ប៉ុន្តែ ខ្ញុំនឹងត្រៀមខ្លួនល្អបំផុតពេលដណ្ដើមខ្សែក្រវាត់ទល់នឹង Aung La។
ONE: មើលទៅ Ataides ពិតជារឹងមាំណាស់នៅទឹកទី១ និងអាចការពារការផ្ដួលរបស់អ្នកបានល្អមែនទែន តើមានអារម្មណ៍បែបណានាពេលនោះ?
RDR: ២នាទីដំបូង ខ្ញុំមានអារម្មណ៍ថារអិល ចាប់ Ataides មិនជាប់សោះ ហើយពិតជាលំបាកមែន។ពេលខ្ញុំព្យាយាមចូលចាប់ គឺចាប់មិនជាប់មែន។ វាអត់ដូចការប្រកួតលើកមុននោះទេ។ ខ្ញុំគិតថា ទឹកទី២ ខ្ញុំអាចចាប់គេផ្ដួលបាន ហើយទីបំផុតខ្ញុំអាចធ្វើបាន និង មិនឲ្យគេរើបានមែន ។ យ៉ាងណាក្ដី ខ្ញុំនៅតែមានអារម្មណ៍ថារអិលដូចអន្ទង់។ គេបានធ្វើចលនាបន្តិច ហើយក៏របូតចេញពីដៃរបស់ខ្ញុំទៀត។
ONE: ក្រោយមកទៀត De Ridder អាចធ្វើបាន និង ទទួលបានជោគជ័យក្នុងការប្រើក្បាច់ តើពេលនោះក្នុងចិត្តគិតអីដែរ?
RDR: ពេលនោះគេអស់កម្លាំង និងមិនដូចមុនទេ។ គូប្រកួតរបស់ខ្ញុំបានធ្វើការងារខ្លាំងមែនដើម្បីការពារការចាប់ផ្ដួលរបស់ខ្ញុំ។ ពេលខ្ញុំចាប់ជាប់ ខ្ញុំបានម៉ាត់ជាច្រើនដៃទៅចំដងខ្លួន ដែលជួយឲ្យរូបគេអស់កម្លាំង។ ខ្ញុំនៅតែមិនធ្វេសប្រហែសដោយសាររូបគេនៅតែគ្រោះថ្នាក់ ជាពិសេសការប្រើជង្គង់របស់គេ។ ខ្ញុំមិនសូវប្រញាប់ពេកនោះទេ។
ONE: គូប្រកួតបានម៉ាត់ពីរបីដៃ ធ្វើឲ្យ De Ridder ពិបាក តើកម្លាំងម៉ាត់នោះធ្វើឲ្យអ្នកគិតយ៉ាងណា?
RDR: កម្លាំងរបស់គេមិនធម្មតាឡើយ។ គេបានម៉ាត់កីឡាករកំពូលៗដូចជា Vitaly Bigdash និង កីឡាករផ្សេងទៀតជាច្រើន ប៉ុន្តែ ការម៉ាត់លើខ្ញុំគឺមិនធ្ងន់ពេកទេ និង មិនចំខ្លាំងឡើយ។ ខ្ញុំតែងតែបម្លាស់ទី និងបានទប់ជាប់ដែរ(Blocked)។ ខ្ញុំសប្បាយចិត្តពេលអាចអុកជង្គង់ចំមុខរបស់គេ។ គេជាកីឡាករសម្បូរថាមពលម្នាក់ ហើយកម្លាំងដូចដំរីសា។ ប៉ុន្តែខ្សោយកម្លាំងដៃបន្តិច ហើយពេលខ្លះក៏ធ្វើឲ្យខ្ញុំគាំងបន្តិចដែរ។ ពេលខ្លះខ្ញុំមិនដឹងថាត្រូវវ៉ៃកន្លែងណា។ ខ្ញុំគួរវ៉ៃគេចំមុខ ឬ ថ្គាម ប៉ុន្តែ មិនដឹងប្រើដៃឆ្វេង ឬ ដៃស្ដាំ ព្រោះរូបគេក៏គេចរហ័ស។ ហើយខ្ញុំត្រូវប្រើភាពរហ័សរបស់ខ្ញុំដើម្បីគេចកណ្ដាប់ដៃរបស់គេដែរ ព្រោះពេលខ្លះ ខ្ញុំមិនដឹងថាគេវ៉ៃប្រឡោះណានោះឡើយ។ វាជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ខ្ញុំ។
ONE: អ្វីទៅជារឿងចម្បងដែលធ្វើឲ្យ De Ridder ឈ្នះក្នុងការប្រកួតពេលនោះ?
RDR: ខ្ញុំគិតថា ខ្ញុំធ្វើឲ្យរូបគេគ្រោះថ្នាក់ច្រើនជាង។ ខ្ញុំគិតថា បើការប្រកួតបញ្ចប់ត្រឹមពីរបីនាទី ខ្ញុំអាចបញ្ចប់រូបគេបាន។
ONE: ជាទូទៅ តើ De Ridder គិតថាពេញចិត្តនឹងការប្រកួតនេះ ឬ យ៉ាងណា?
RDR: និយាយត្រង់ទៅ ខ្ញុំមិនពេញចិត្តនឹងការប្រកួតពេកទេ។ ខ្ញុំមិនចង់ឈ្នះដោយពិន្ទុបែបនេះឡើយ។ ខ្ញុំរីករាយដោយសារជ័យជម្នះ តែមិនសប្បាយចិត្តពេលដែលមិនអាចផ្ដួលដៃគូឲ្យសន្លប់បាន។ យ៉ាងណាក៏ដោយ ខ្ញុំមានអារម្មណ៍ល្អក្រោយពេលឈ្នះ។ ខ្ញុំបានជជែកជាមួយគ្រូបង្វឹក និងរៀបចំគម្រោងបន្តបន្ទាប់។ ឥឡូវនេះខ្ញុំមានមោទនភាពដែលខ្ញុំអាចយកឈ្នះ។ ហើយខ្ញុំសប្បាយចិត្តចំពោះទឹកចុងក្រោយផងដែរ។ ខ្ញុំមានក្បាច់ជាច្រើនដើម្បីបង្ហាញទៅថ្ងៃមុខ។
ONE: De Ridder អ្នកទទួលបានឱកាសទៅជួប Aung La N Sang ដើម្បីដណ្ដើមខ្សែក្រវាត់ ONE Middleweight World Title។ តើគិតបែបណាទៅ?
RDR: ខ្ញុំត្រូវការពីរបីសប្ដាហ៍ដើម្បីឲ្យកម្លាំងប្រសើរឡើងវិញ។ បន្ទាប់មក ខ្ញុំត្រៀមរួចហើយ។ ខ្ញុំគិតថា រូបគេ ច្បាស់ជាត្រៀមដូចខ្ញុំដែរ។ ពេលខ្ញុំទទួលបានកម្លាំងពេញវិញ ។ ខ្ញុំនឹងត្រលប់មកដណ្ដើមខ្សែក្រវាត់មិនខាន។
ONE: តើ De Ridder មានទំនុកចិត្តទេពេលជួបម្ចាស់ខ្សែក្រវាត់ និង កីឡាករដ៏គ្រោះថ្នាក់បំផុតក្នុងលោកបែបនេះ?
RDR: បាទពិតណាស់ ! ខ្ញុំបានជួយបុរសដែលផ្ដួល Bigdash ឲ្យសន្លប់ ប៉ុន្តែ Aung La មិនអាចធ្វើឲ្យ Bigdash សន្លប់បានទេ។ ដូច្នេះវាជាការប្រកួតដ៏កៀកកិតគ្នា។ សូមរង់ចាំតាមដាន ថាតើខ្ញុំតតាំងនឹង Aung La ដោយវិធីណា?
កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE:KING OF THE JUNGLE នៅសុក្រទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅ ប្រទេសសិង្ហបុរី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕
អត្ថបទ៖ ស៊ីធី