ម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោកពីរស្ថាប័នកីឡាករ Aung La N Sang ឬ រហស្សនាម “The Burmese Python” គឺជាកីឡាករគ្រប់គ្រងខ្សែក្រវាត់ទម្ងន់ middleweight បានយូរជាងគេក្នុងប្រវត្តិសាស្ត្ររបស់ ONE Championship។ បែបណាក្ដីម្ចាស់ខ្សែក្រវាត់រូបនេះត្រូវដាក់គោលដៅដើម្បីស្ថិតនៅចំណាត់ថ្នាក់កំពូលបន្ថែមទៀតក្នុងបំណងបំបាក់គូប្រជែងដែលចង់ដណ្ដើម។
តារាម្ចាស់ខ្សែក្រវាត់មកពីមីយ៉ាន់ម៉ាត្រូវប្រឈមនឹងគូសត្រូវចាស់ជាលើកទី៣នៅថ្ងៃខាងមុខ គឺប៉ះជើងខ្លាំងគុនចម្រុះ Vitaly Bigdash អតីតម្ចាស់ខ្សែក្រវាត់ ONE Middleweight World Champion។ រហូតដល់ពេលនេះរូបគេទាំងពីរជួបគ្នាពីរលើករួចហើយ ដោយក្នុងនោះឈ្នះពិន្ទុជាឯកច្ឆន្ទម្នាក់ម្ដង។ ឥឡូវនេះការប្រឈមមុខដាក់គ្នាលើកទី៣ត្រូវប្រកាសនាឆ្នាំ ២០២០ នេះ។ ប៉ុន្តែ “The Burmese Python” នៅតែលើកទឹកចិត្តខ្លួនឯងដើម្បីបន្តការពារខ្សែក្រវាត់ឲ្យខាងតែបាន។ កីឡាករវ័យ ៣៤ ឆ្នាំបានថ្លែងថា៖ «ខ្ញុំបានអភិវឌ្ឍខ្លួនជាប្រចាំ។ ខ្ញុំត្រូវបង្ហាញថាខ្ញុំជាម្ចាស់ខ្សែក្រវាត់ World Champion ពោរពេញដោយសមត្ថភាពខ្ពស់»។
ជើងខ្លាំងទាំងពីរជួបគ្នាដំបូងនៅក្នុងកម្មវិធី ONE: QUEST FOR POWER នាក្រុងហ្សាកាតាប្រទេស ឥណ្ឌូណេស៊ី កាលថ្ងៃទី១៤ មករា ២០១៧។ គ្រានោះ Aung La N Sang ចាញ់ពិន្ទុម្ចាស់អតីតខ្សែក្រវាត់ Bigdash។ រហូតដល់ជួបគ្នាម្ដងទៀតនៅថ្ងៃទី ៣០ មិថុនា ២០១៧ ក្នុងកម្មវិធី ONE: LIGHT OF A NATION នាសង្វៀន Thuwunna Indoor Stadium ឯក្រុងយ៉ុំាងហ្គោនប្រទេសកំណើត ទើប “The Burmese Python” អាចដណ្ដើមខ្សែក្រវាត់ពីជើងខ្លាំងមកពីរុស្សីបាន និងការពារខ្សែក្រវាត់បន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។
កាលនោះ កីឡាករមីយ៉ាន់ម៉ាស្ទើរតែបញ្ចប់ Bigdash នៅទឹកដំបូង ប៉ុន្តែអតីតម្ចាស់ខ្សែក្រវាត់អាចរើរួច។ ក្រោយមកកីឡាកររុស្សីកាន់តែមានកម្លាំងដោយប្រើក្បាច់ចំបាប់។ យ៉ាងណាក្ដី “The Burmese Python” ធ្វើបានល្អដោយប្រើកណ្ដាប់ដៃ និងក្បាច់ប្រយុទ្ធមានប្រៀបទាល់តែឈ្នះពិន្ទុជាឯកច្ឆន្ទក្នុងរយៈពេល៥ទឹកពេញ។ គេបង្កើតប្រវត្តិសាស្ត្រសម្រាប់ មីយ៉ាន់ម៉ាដើម្បីគ្រងខ្សែក្រវាត់កម្រិតពិភពលោក World Champion មិនធ្លាប់មាន។ “The Burmese Python” កាន់តែល្អឡើងៗ បន្ទាប់ពីវីរបុរសមីយ៉ាន់ម៉ារូបនេះផ្លាស់ទៅ រដ្ឋ Florida សហរដ្ឋអាមេរិកដើម្បីហ្វឹកហាត់ពេញម៉ោងនៅក្លិប Sanford MMA (ពីមុន Hard Knocks 365) និងអាចបំបាក់ជើងខ្លាំងៗបន្តបន្ទាប់ពេលប្រឈមមុខដាក់គ្នាលើសង្វៀន។
Aung La N Sang បង្កើតកំណត់ត្រាឈ្នះ ៦ លើកជាប់គ្នាទល់នឹងជើងខ្លាំងលំដាប់ពិភពលោក ក្នុងនោះរួមទាំងការផ្ដួល Alexandre Machado ឲ្យសន្លប់ត្រឹម ៥៦ វិនាទីដើម្បីលើកខ្សែក្រវាត់ថ្មី ONE Light Heavyweight World Title និង ផ្ដួលជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ONE Heavyweight World Champion កីឡាករ Brandon “The Truth” Vera ឲ្យសន្លប់ជាដើម។ Aung La N Sang មានកម្លាំងដៃមហាទម្ងន់រួមទាំងក្បាច់សម្បូរបែបសម្រាប់បំបាក់គូសត្រូវចាស់។ «គេបានផ្ដល់ឲ្យខ្ញុំនូវពេលវេលាដ៏លំបាកពេលយើងជួបគ្នាពីមុន។ ប៉ុន្តែ ពេលនេះខុសប្លែកគ្នា។ ឥឡូវនេះ ខ្ញុំជាអ្នកប្រកួតអាជីពពិតប្រាកដ មានក្រុមមួយដ៏ល្អ និង ហាត់ជាមួយដៃគូដ៏ល្អក្នុងលោកជារៀងរាល់ថ្ងៃ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំឈានដល់កម្រិតមួយផ្សេងទៀតតាំងពីប្រកួតចុងក្រោយម៉្លេះ»។ ម្ចាស់ខ្សែក្រវាត់ Middleweight និង Light Heavyweight រំលឹកបែបនេះ។
ជើងខ្លាំងមីយ៉ាន់ម៉ា សង្កត់ធ្ងន់ថា ៖«គ្រប់ការប្រកួតដែលអ្នកវ៉ៃ គឺពិតជាសំខាន់ណាស់ ប៉ុន្តែពេលនេះគឺជាការប្រកួតបិទទ្វារមិនមានអ្នកទស្សនាពេលឡើងតតាំងនឹង Vitaly នៅថ្ងៃមុខ។ កាលប្រកួតលើកមុន គេអាចនិយាយថាខ្ញុំសំណាង ឬ និយាយអ្វីផ្សេងបាន។ ពេលនេះ ខ្ញុំត្រូវតែនិយាយថា វាការប្រកួតកាត់ក្ដី។ ខ្ញុំត្រូវច្បាស់ក្នុងចិត្តថា Vitaly នឹងមិនឈ្នះខ្ញុំ»។
ម្ចាស់ខ្សែក្រវាត់ ONE World Champion ពីរប្រភេទទម្ងន់ផ្សេងគ្នាដាក់គោលដៅថាមិនបន្លាយពេលប្រកួតដល់ ៥ទឹកដូចលើកមុនទេ។ Aung La N Sang បានតាំងចិត្តខ្ពស់ដើម្បីផ្ដួលដៃគូគ្រប់វិនាទីពេលនៅលើសង្វៀន។ Aung La N Sang គូសបញ្ជាក់ខ្លីតែន័យជ្រៅ ៖«ខ្ញុំដឹងថាខ្ញុំអាចបញ្ចប់គេបាន ហើយខ្ញុំនឹងបញ្ចប់ឲ្យលឿនតាមតែអាចទៅរួច»។
កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕
អត្ថបទ៖ ស៊ីធី