លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool រំពឹងទុកថា បរិយាកាសខុសគ្នាស្រឡះមួយនៅកីឡដ្ឋាន Anfield នឹងជួយផ្លាស់ប្តូរជោគវាសនាក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ក្រុមលោកជាមួយនឹងក្រុម Atletico Madrid ក្រោយពីបានរងបរាជ័យ ១-០ ក្នុងជើងទី១ នៅរដ្ឋធានីរបស់អេស្ប៉ាញ កាលពីថ្ងៃអង្គារ។

គ្រាប់បាល់ស៊ុតបញ្ចូលទីនៅដើមតង់របស់កីឡាករ Saul Niguez បានធ្វើឲ្យក្រុម Liverpool រងបរាជ័យជាលើកទី២នៅរដូវកាលនេះ ក្នុងរាល់យុទ្ធនាការទាំងងស់។ ក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ បានខកចិត្តដោយសារតែការបញ្ចប់ប្រតិកម្មរបស់ក្រុមម្ចាស់ផ្ទះ និងការកាត់សេចក្តីរបស់អាជ្ញាកណ្តាលសញ្ជាតិប៉ូឡូញលោក Szymon Marciniak ស្របពេលដែលលោក Diego Simeone គ្រូបង្វឹករបស់ក្រុម Atletico ហាក់បានបញ្ចេញប្រតិកម្មជ្រុលហួសហេតុនៅកីឡដ្ឋាន Wanda Metropolitano។

នៅពេលដែលត្រូវបានចោទសួរអំពីសកម្មភាពរបស់លោក Simeone នៅក្បែរទីលានប្រកួត លោក Klopp បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «វ៉ាវ នោះគឺជាថាមពល»។ លោក Klopp បានប្រាប់បន្តថា៖ «ខ្ញុំគិតថា ខ្ញុំមិនចាំបាច់ត្រូវតែធ្វើអ្វីច្រើនឡើយក្នុងការប្រកួតជើងទី២។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចផ្តោតអារម្មណ៍ខ្លាំងបន្តិចក្នុងការប្រកួតនោះ។

អ្នកគាំទ្ររបស់យើង នឹងត្រៀមខ្លួនរួចរាល់។ សូមស្វាគមន៍ទៅកាន់ Anfield! វាមិនទាន់ចប់នៅឡើយទេ»។ លោក Klopp បានប្តូរ Sadio Mane ចេញនៅត្រឹមតង់ទី១ ដោយសារតែបារម្ភថា តារាឆ្នើមអន្តរជាតិសេណេហ្គាល់រូបនេះ អាចនឹងរងពិន័យកាតក្រហម ខណៈកីឡាកររបស់ក្រុម Atletico បានតវ៉ាជាមួយនឹងលោក Marciniak ដោយទាមទារឲ្យពិន័យកាតលឿងជាលើកទី២ដល់ Mane នៅមុនពេលសម្រាកតង់ទី១៕

ប្រភពព័ត៌មាន៖ Channel News Asia