លោក Jose Mourinho បានធ្វើការប្រៀបធៀបក្តីសង្ឃឹមរបស់ក្រុម Tottenham ក្នុងការបញ្ចប់ជាវិជ្ជមាននៅរដូវកាលនេះ ទៅនឹងការទាក់ជាប់នឹងយ៉រផ្ទះជាន់ទី៤ ក្រោយពីបានបាត់បង់តារាឆ្នើម Son Heung-min ដោយសារតែបញ្ហារបួស។

ស្របពេលដែលក្រុមរបស់ខ្លួនបានបាត់បង់ខ្សែប្រយុទ្ធ Harry Kane រហូតដល់បញ្ចប់រដូវកាលនេះរួចជាស្រេច លោក Mourinho បាននិយាយថា លោកមិនរំពឹងទុកថា Son នឹងចូលលេងម្តងទៀតឡើយនៅរដូវកាលនេះ ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូងរូបនេះ បានរបួសដៃស្តាំរបស់គេ ក្នុងពេលក្រុមខ្លួនបានទទួលជ័យជម្នះ ៣-២ នៅលើទឹកដីក្រុម Aston Villa កាលពីថ្ងៃអង្គារ។

Spurs នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមអាល្លឺម៉ង់ RB Leipzig ក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីនេះ នៅមុនពេលជួបជាមួយនឹងក្រុម Chelsea ក្នុងការប្រកួតមួយ ដែលពិតជាសំខាន់ក្នុងការប្រជែងយកកៅអីទៅកាន់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។

នៅពេលដែលលោក Mourinho បានចូលរួមដឹកនាំក្លិប Tottenham កាលពីខែវិច្ឆិកា Spurs ដេញតាមពីក្រោយអតីតក្លិបរបស់លោករហូតដល់ទៅ១២ពិន្ទុ ក្នុងចំណាត់ថ្នាក់លេខ១៤ ប៉ុន្តែ ពួកគេអាចឡើងឈរពីលើក្រុម Chelsea ក្នុងចំណាត់ថ្នាក់លេខ៤តាមរយៈការដណ្តើមបានជ័យជម្នះនៅលើទឹកដី Stamford Bridge នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។

លោក Mourinho បាននិយាយកាលពីថ្ងៃអង្គារថា៖ «នៅពេលដែលយើងមកដល យើងស្ថិតក្នុងចំណាត់ថ្នាក់លេខ១២។ យើងបានឡើងតាមជណ្តើរ ហើយយើងបានចាប់ផ្តើមមានចំណាត់ថ្នាក់ខ្ពស់។ ប៉ុន្តែ ភ្លាមៗនោះ ជណ្តើរបានបាក់ខូច»៕

ប្រភពព័ត៌មាន៖ Channel News Asia