Eden Hazard មិនអាចបង្ហាញខ្លួនក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយក្របខណ្ឌលីកកំពូលទ្វីបអឺរ៉ុប Champion League នៅថ្ងៃពុធនេះ ពេល Real Madrid និងត្រូវបើកទ្វារកីឡាដ្ឋាន Santiago Bernabeu ទទួលក្រុម Manchester City។

Hazard វ័យ ២៩ឆ្នាំបានរងរបួសស្រាំឆ្អឹងកជើងខាងស្តាំក្រោយពី Real Madrid បរាជ័យនៅលីកកំពូលអេស្បាញដោយចាញ់ម្ចាស់ផ្ទះ Levante ១ទល់និង០ កាលពីថ្ងៃសៅរ៍។

Hazard កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះទើបតែវិលត្រឡប់មកជួយក្រុម កាលពីសប្តាហ៍មុនបន្ទាប់ពីអវត្តមាន ៣ខែកន្លងមកដោយមានបញ្ហារបួសស្រដៀងគ្នានេះ។

បញ្ហារបួសនេះនាំអោយអតីតកីឡាករក្រុមតោខៀវ Chelsea រូបនេះ បង្ហាញខ្លួនបានទើបតែ ១៥ប្រកួតអោយក្រុមក្រោយផ្ទេរពី Stamford Bridge កាលពីរដូវក្តៅមុន។ បញ្ហារបួសនេះក៏អាចជារឿងរំខានសម្រាប់ Hazard ពេលជំនួប El Clasico ជាមួយ Barcelona នៅថ្ងៃទី១ ខែមីនាផងដែរ។