គ្រាប់បាល់ស៊ុតបញ្ចូលទីតាមស្មើនៅតង់ទី២របស់ Antoine Griezmann បានជួយឲ្យក្រុម Barcelona ដណ្តើមបានគ្រាប់បាល់ក្រៅដីដ៏សំខាន់ និងជួយឲ្យពួកគេទទួលបានលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Napoli ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១របស់ពួកគេ កាលពីថ្ងៃអង្គារ។

គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អរបស់ខ្សែបម្រើស្លាប Dries Mertens បានជួយឲ្យក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់នាំមុខមុន នៅតង់ទី១ និងបានជួយឲ្យតារាឆ្នើមអន្តរជាតិបែលហ្ស៊ិករូបនេះ តាមស្មើកំណត់ត្រារបស់ Marek Hamsik ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេបំផុតគ្រប់ពេលទាំងអស់របស់ក្លិប Napoli តាមរយៈការរកបាន១២១គ្រាប់ក្នុងរាល់យុទ្ធនាការទាំងអស់។

ក្រុមភ្ញៀវបានបញ្ចប់ការប្រកួតនេះ ដោយនៅសល់សមាជិកត្រឹមតែ១០នាក់ ក្រោយពីខ្សែបម្រើ Arturo Vidal បានរងពិន័យកាតក្រហម នៅជិតបញ្ចប់ការប្រកួត បន្ទាប់ពីបានរងពិន័យកាតលឿង២លើក ក្នុងចន្លោះពេលដ៏ខ្លី។

ក្រុមទាំង២ ដែលបានជួបគ្នាជាលើកទី១នោះ នឹងត្រូវជួបគ្នាម្តងទៀតនៅកីឡដ្ឋាន Camp Nou សម្រាប់ការប្រកួតជើងទី២ នាថ្ងៃទី១៨ ខែមីនា ខណៈដែលបច្ចុប្បន្ន Barca ជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការឈានទៅវគ្គបន្ត បើទោះបី Vidal និង Sergio Busquets ត្រូវជាប់ពិន័យព្យួរក្នុងការប្រកួតជើងទី២ក៏ដោយ៕