ខ្សែបម្រើ Serge Gnabry បានជួយឲ្យក្រុម Bayern Munich ខិតកាន់តែកៀកក្នុងការឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់របស់កីឡាករអាល្លឺម៉ង់រូបនេះ បានជួយឲ្យក្រុមខ្លួនយកឈ្នះលើក្រុម Chelsea ៣-០ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ជើងទី១ នាកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃអង្គារ។

Gnabry បានបំបាក់មុខក្រុម Tottenham តាមរយៈការស៊ុតបាល់បញ្ចូលទី៤គ្រាប់ ក្នុងពេលក្រុម Bayern ទទួលជ័យជម្នះ ៧-២ នៅទីក្រុងឡុងដ៍ភាគខាងជើង កាលពីដើមរដូវកាលនេះ ហើយអតីតខ្សែបម្រើស្លាបរបស់ក្លិប Arsenal រូបនេះ បានវិលទៅកាន់រដ្ឋធានីរបស់អង់គ្លេសម្តងទៀត ដើម្បីធ្វើឲ្យក្រុម Chelsea ប្រឈមមុខនឹងការធ្លាក់ចេញ។

ពេលវេលារបស់កីឡាករវ័យ២៤ឆ្នាំរូបនេះជាមួយនឹងក្រុម Arsenal បានបញ្ចប់ទាំងការខកចិត្ត ហើយរូបគេក៏បានជួបភាពត្រដាបត្រដួស ក្នុងពេលស្ថិតជាកីឡាករកម្ចីជាមួយនឹងក្លិប West Bromwich Albion ផងដែរ។ ប៉ុន្តែ រូបគេបានសង្គ្រោះអាជីពរបស់គេវិញជាមួយនឹងក្រុម Bayern ហើយគ្រាប់បាល់ស៊ុតបញ្ចូលទីទាំង២គ្រាប់របស់គេនៅចន្លោះពេលត្រឹមតែ៣នាទី បានធ្វើឲ្យក្រុមរបស់លោក Hansi Flick ស្ថិតលើផ្លូវក្នុងការឈានទៅវគ្គ៨ក្រុមចុងក្រោយ។

Chelsea នឹងត្រូវតែបង្កើតអភិនិហារមួយផ្សេងទៀតនៅទីក្រុង Munich ក្នុងការប្រកួតជើងទី២ នាថ្ងៃទី១០ ខែមីនា ដើម្បីស្រោចស្រង់ការដេញតាមពីក្រោយរបស់ខ្លួននាកីឡដ្ឋាន Allianz Arena ដែលជាកន្លែងពួកគេបានផ្តួលក្រុមយក្សអាល្លឺម៉ង់មួយនេះ ដើម្បីលើកពាន Champions League កាលពីឆ្នាំ២០១២៕