ក្រុមណាហ្គាវើល នឹងត្រូវលើកគ្នាទៅកាន់កីឡដ្ឋានខេមបូឌាអ៊ែរវ៉េ នៅរសៀលម៉ោង៣:៣០ ថ្ងៃសៅរ៍នេះ ដើម្បីជម្រះបញ្ជីចាស់ជាមួយក្រុមម្ចាស់ផ្ទះ បឹងកេត ចំណែកក្រុមភ្នំពេញក្រោន ក៏ត្រូវបើកទ្វារកីឡដ្ឋាន Smart RSN ដើម្បីស្វាគមន៍ក្រុមអាស៊ីអឺរ៉ុប នៅល្ងាចម៉ោង៦ ថ្ងៃជាមួយគ្នានេះដែរ។

ការវិលមកជួបគ្នារវាងក្រុមក្រុមបឹងកេត និងក្រុមណាហ្គាវើល នៅសប្តាហ៍ទី៣នេះ វាបានក្លាយជាការប្រកួតដ៏តានតឹងបំផុត ព្រោះក្រុមទាំង២នេះ ត្រូវការឈ្នះជាចាំបាច់ដូចគ្នា ដើម្បីប្រជែងឡើងទៅឈរនៅតំបន់ Top4 ព្រោះពេលនេះ បឹងកេត ឈរនៅលេខ៥ មាន៤ពិន្ទុ ស្មើជាមួយក្រុមឈរនៅលេខ៣ អង្គរថាយហ្គឺរ និងទ័ព ដែលឈរនៅលេខ៤ ចំណែកណាហ្គាវើល ឈរនៅលេខ៦ មាន៣ពិន្ទុ។

សម្រាប់ការជួបគ្នា កាលពីរដូវកាលឆ្នាំ២០១៩ ណាហ្គាវើល បានចាញ់ក្រុមបឹងកេត ២-០ នៅក្នុងទឹកដីខ្លួនឯង មុនពេលស្មើគ្នា ១-១ នៅលើទឹកដីក្រុមបឹងកេតវិញ ហេតុនេះការប្រជែងយក៣ពិន្ទុ វាពិតជាមានន័យខ្លាំង សម្រាប់ណាហ្គាវើល ដើម្បីជម្រះបញ្ជីចាស់នោះ។

ទោះបីជាយ៉ាងណា លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានចាត់ ក្រុមបឹងកេត ចូលទៅក្នុងចំណោមក្រុមកំពូល ដែលរៀបចំបានល្អ និងមានមហិច្ឆតាចង់ប្រជែងយកពាន នៅរដូវកាលនេះ ប៉ុន្តែលោកបានអះអាងថា ណាហ្គាវើល ក៏រៀបចំបានល្អ មិនក្រោមគេនោះដែរ ហេតុនេះការវិលមកជួបគ្នារវាងក្រុមទាំង២នេះ នឹងទទួលបានការគាំទ្រច្រើន ខណៈពេលនេះ បឹងកេត កំពុងតែមានទឹកចិត្តប្រកួតខ្លាំង បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមវិសាខា ១-០ កាលពីសប្តាហ៍ទី២។

ដោយឡែកការជួបគ្នារវាងក្រុមភ្នំពេញក្រោន និងអាស៊ីអឺរ៉ុប ក៏នឹងមានភាពស្វិតស្វាញផងដែរ ព្រោះភ្នំពេញក្រោន ត្រូវការឈ្នះខ្លាំងបំផុត ដើម្បីរក្សាការពារតំបន់កំពូលតារាងរបស់ពួកគេ ដែលទើបដណ្តើមបានពីក្រុមស្វាយរៀង ក្រោយពេលពួកគេ បានលត់ក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ៧-០ បន្ថែមទៅលើការឈ្នះក្រុមអគ្គិសនីកម្ពុជា ៣-០ នោះ។

យ៉ាងណាក៏ដោយ ជំនួបលើកនេះ អាចចាត់ទុកថា ជាការប្រកួតដែលមានភាពតានតឹងដំបូងគេរបស់ ភ្នំពេញក្រោន ព្រោះ២ក្រុមដែល ភ្នំពេញក្រោន បានឈ្នះកន្លងមកនេះ សុទ្ធតែជាក្រុមប្រើប្រាស់កីឡាករខ្មែរសុទ្ធ ដែលគុណភាពលេងនៅមានកម្រិត ប៉ុន្តែអាស៊ីអឺរ៉ុប ក្រៅពីមានកីឡាករខ្មែរ មានគុណភាព ក៏មានការចូលរួមជួយពីកីឡាករបរទេសផងដែរ ហេតុនេះក្រុមណា នឹងឈ្នះ៣ពិន្ទុ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕