ក្លិបកាំភ្លើងធំ Arsenal បានធ្លាក់ចេញពីពានរង្វាន់ Europa League ត្រឹមវគ្គ៣២ក្រុម ក្រោយប្រកួតស្មើគ្នាទាំងពីរជើង ក្នុងលទ្ធផល ២ទល់នឹង២ ជាមួយ Olympiacos។

នៅជើងទីមួយ Arsenal ជាអ្នកនាំមុខមុន ១-០។ យ៉ាងណាមិញ ការប្រកួតជើងទីពីរពេញ៩០នាទី Olympiacos បាននាំមុខ ០-១ វិញដែលធ្វើបានសម្រេចដោយកីឡាករ Pape Abou Cisse នៅនាទីទី៥៣។ លេងចប់៩០នាទីនៅជើងទីពីរ លទ្ធផលសរុបទាំងពីរជើង ស្មើគ្នា ១-១ ដូច្នេះតម្រូវឲ្យការប្រកួតឈានដល់ម៉ោងបន្ថែម១៥នាទីពីរដង។

ការប្រកួតក្នុងម៉ោងបន្ថែម ខ្សែប្រយុទ្ធជួរមុខ Aubameyang បានទាត់បកចេកយ៉ាងអស្ចារ្យបើកការនាំមុខឲ្យ Arsenal នៅនាទីទី១១៣។ ប៉ុន្តែលទ្ធផលនេះមិនបានរក្សារហូតអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតនោះទេ ដោយនៅចុងម៉ោងទៅហើយ ពោលគឺនៅនាទីទី១២០ Olympiacos រកបាន១គ្រាប់ទៀតដោយកីឡាករ Youssef El Arabi។

បញ្ចប់ការប្រកួត១២០នាទី Olympiacos យកឈ្នះ Arsenal ១-២ និងសរុបទាំងពីរជើង ស្មើគ្នា ២-២ ប៉ុន្តែ Olympiacos ជាអ្នកឡើងទៅវគ្គ១៦ក្រុម ដោយសារតែមានគ្រាប់បាល់ក្រៅដី (Away Goal) ច្រើនជាង Arsenal។ Arsenal រកបាន១គ្រាប់ប៉ុណ្ណោះកាលនៅទឹកដីរបស់ Olympiacos ប៉ុន្តែជើងខ្លាំងក្រិកមួយនេះរកបាន២គ្រាប់នៅកីឡដ្ឋាន Emirate។

គួរឲ្យដឹងផងដែរថា នេះជាលើកដំបូងហើយនៅក្នុងប្រវត្តិសាស្រ្តរបស់ក្លិប Arsenal ដែលធ្លាក់ចេញពីពានរង្វាន់ UEFA Europa League ត្រឹមវគ្គ៣២ក្រុមចុងក្រោយ។

ចង់ឃើញថា Aubamyang ស៊ុតបកចេក ហើយ Arsenal ត្រូវបរាជ័យចុងម៉ោងយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖