Daniel Sturridge អតីតខ្សែប្រយុទ្ធក្លិប Liverpool បាននិយាយថា រូបគេពិតជាខកចិត្ត ក្រោយពីរងពិន័យព្យួររយៈពេល៤ខែ សម្រាប់ការប្រព្រឹត្តល្មើសច្បាប់ភ្នាល់។ ដំបូងឡើយ រូបគេត្រូវបានគេដាក់បម្រាម៦សប្តាហ៍ កាលពីរដូវក្តៅមុន ក្នុងនោះ៤សប្តាហ៍ជាការជាប់ពិន័យព្យួរ ប៉ុន្តែ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងភស្តុតាងផ្សេងៗរបស់ក្រុមប្រឹក្សាឯករាជ្យមួយ។

អតីតខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ ត្រូវបានចោទប្រកាន់ពីបទបញ្ជូនព័ត៌មានផ្ទៃក្នុងទៅលើការដោះដូរកីឡាករជាសក្តានុពលផ្សេងៗ កាលពីខែមករា ឆ្នាំ២០១៨។ កិច្ចសន្យារបស់ Sturridge ជាមួយនឹងក្លិបតួកគី Trabzonspor ត្រូវបានបញ្ចប់សុពលភាពភ្លាមៗ ដោយការយល់ព្រមទាំងសងខាងកាលពីថ្ងៃចន្ទ។ FA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «Daniel Sturridge បានរងពិន័យព្យួររាល់សកម្មភាពដែលទាក់ទងនឹងកីឡាបាល់ទាត់ទាំងអស់ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០»។

សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសបានបន្ថែមទៀតថា៖ «ទាក់ទងនឹងការដាក់ទណ្ឌកម្មនេះ ក្រុមប្រឹក្សាបណ្តឹងឧទ្ធរណ៍បានយល់ស្របជាមួយនឹង FA ថា ការពិន័យដែលត្រូវបានដាក់លើលោក Sturridge កាលពីមុន គឺជាដាក់ពិន័យធូរស្រាលពេក ហើយហេតុនេះ ការពិន័យនោះត្រូវបានបង្កើនពីរយៈពេល២សប្តាហ៍ ទៅរយៈពេល៤ខែវិញ។ ក្រុមប្រឹក្សាឧទ្ធរណ៍ក៏បានពិន័យជាទឹកប្រាក់១៥០០០០ផោនផងដែរ»៕

ប្រភពព័ត៌មាន៖ Channel News Asia