យោងតាមសេចក្ដីរាយការណ៍ចុងក្រោយបង្អស់ ខ្សែបម្រើប្រយុទ្ធឆើ្នមរបស់ Real Madrid កីឡាករ James Rodriguez មិនសប្បាយចិត្តនឹងលោក Zinedine Zidane ដែលជាអ្នកចាត់ការទូទៅរបស់ក្លិប ហើយរូបគេទំនងនឹងអាចជាផ្លាស់ទៅក្លិបគូប្រជែងរួមរាជធានីគឺ Altetico Madrid ដែលកំពុងដាក់ការចង់បានមកលើរូបគេជាខ្លាំង។

យោងតាមសារព័ត៌មាន El Golazo de Gol បានចុះផ្សាយថា អ្នកចាត់ការទូទៅលោក Zindine Zidane មិនសូវជាពេញចិត្តទៅទម្រង់លេងរបស់ Rodriguez ប៉ុន្មាននោះទេ។ ជាក់ស្ដែង នៅរដូវកាលនេះ កីឡាករជម្រើសជាតិកូឡំប៊ីចូលលេងបានត្រឹមតែ១៣ប្រកួតប៉ុណ្ណោះ។

ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា James មិនសប្បាយចិត្តជាមួយ Zidane នោះទេ ជុំវិញការឲ្យគេនៅអង្គុយកៅអីបម្រុងច្រើន ហើយគេអាចនឹងផ្លាស់ទៅ Atletico Madrid នៅរដូវក្ដៅខាងមុខ។ មុនរដូវកាល ២០១៩-២០២០ ចាប់ផ្ដើម ក្រុមរបស់លោក Diego Simeone ក៏បានចាប់អារម្មណ៍ចង់បាន James ផងដែរ ប៉ុន្តែការផ្ទេរមិនអាចឈានដល់ការសម្រេចទៅបាន។

ក្រោយបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2014 នៅប្រទេសប្រេស៊ីល James ត្រូវបាន Real Madrid ទិញពីក្លិប Monaco មកកាន់ទឹកដីអេស្ប៉ាញ ក្នុងតម្លៃខ្លួន ៧៥លានអឺរ៉ូ ដែលជាតម្លៃខ្លួនមួយខ្ពស់នៅពេលនោះ។

គួរឲ្យដឹងផងដែរថា James បានចំណាយពេល២រដូវកាលជាមួយក្លិបអាល្លឺម៉ង់ Bayern Munich ដោយរកបាន១៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច២០ដង មុននឹងត្រឡប់មក Real Madrid វិញកាលពីរដូវក្ដៅឆ្នាំមុន៕

ប្រភព​​​៖ FoxSportsAsia Credit: Khmerlaod