លោក Ole Gunnar Solskjaer ជឿជាក់ថា ចំណងមិត្តភាពរវាងកីឡាករ Manchester United និងអ្នកគាំទ្រ កំពុងតែវិលត្រឡប់មកវិញហើយ ក្រោយពីការបំពេញការឈ្នះទាំង២លើកជាលើកដំបូងក្នុងការប្រកួតក្របខ័ណ្ឌ Premier League លើក្រុម Manchester City ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ នាកីឡដ្ឋាន Old Trafford កាលពីថ្ងៃអាទិត្យ។
ខ្សែប្រយុទ្ធ Anthony Martial និង Scott McTominay បានដណ្តើមយកប្រៀបពីការប្រព្រឹត្តកំហុសផ្សេងៗពីអ្នកចាំទី Ederson របស់ក្រុម Man City ដើម្បីរក្សាធ្វើឲ្យក្រុម Man United រក្សាការដេញតាមពីក្រោយក្រុម Chelsea យ៉ាងប្រកៀក សម្រាប់ការប្រជែងកៅអីលលេខ៤ ដោយដេញតាមពីក្រោយក្រុមតោខៀវត្រឹមតែ៣ពិន្ទុគត់។
Man United មិនមានកម្រិតលេងខ្លាំងដូចជាក្រុម Man City ឡើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែ បានផ្តួលគូប្រកួតស្ថិតក្នុងទីក្រុងតែមួយរបស់ពួកគេ៣លើក នៅរដូវកាលនេះ និងមិនស្គាល់ចាញ់សោះពីការប្រកួត១០លើក ក្នុងរាល់យុទ្ធនាការទាំងអស់។
ទាក់ទងនឹងចំណុចដែលបានធ្វើឲ្យលោករីករាយបំផុត លោក Solskjaer បានឲ្យដឹងថា៖ «ការស្រេកឃ្លាន ឥរិយាបថ ការប្តេជ្ញាចិត្ត ការផ្សារភ្ជាប់រវាងអ្នកគាំទ្រ និងកីឡាករ។ ពួកគេបានជួបថ្ងៃដ៏អស្ចារ្យនៅថ្ងៃនេះ»។ លោកបានបន្ថែមទៀតថា៖ «វាជាការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយ។
គាំទ្រចូលចិត្តការប្រកួតនេះ ហើយកីឡាករក៏អ៊ីចឹងដែរ។ អ្នកអាចនិយាយថា វាគ្រាន់តែជាការដណ្តើមបាន៣ពិន្ទុគត់ ប៉ុន្តែ ការផ្តួលក្រុមដូចជា Manchester City ជាមួយនឹងបញ្ហាផ្សេងៗដែលយើងមាន ពិតជាអស្ចារ្យណាស់»៕
ប្រភពព័ត៌មាន៖ Channel News Asia