ក្រុម Chelsea បានប្រឈមមុខនឹងការឆ្លើយសំណួរថ្មីៗជាច្រើននៅរដូវកាលនេះ ប៉ុន្តែ ការដណ្តើមបានជ័យជម្នះ ៤-០ លើក្រុម Everton កាលពីថ្ងៃអាទិត្យ គឺជាចម្លើយ ខណៈដែលពួកគេបានបង្ហាញពីភាពខ្លាំងម្តងទៀត។

ក្រោយពីដណ្តើមបានជ័យជម្នះ១លើក ក្នុងចំណោមការប្រកួតលីក៦លើក ដែលបានអនុញ្ញាតឲ្យក្រុម Manchester United រក្សាការដេញតាមពីក្រោយពួកគេយ៉ាងប្រកៀក ក្នុងការប្រជែងយកកៅអីក្នុងក្របខ័ណ្ឌ Champions League ជ័យជម្នះនេះ បានផ្តល់ការជឿជាក់ដល់អ្នកកាំទ្រថា ពួកគេអាចបញ្ចប់ដោយដណ្តើមបានចំណាត់ថ្នាក់លេខ៤។ លោក Frank Lampard គ្រូបង្វឹក បានឲ្យដឹងថា៖ «ឥរិយាបថ និងការផ្តោតអារម្មណ៍ទាំងមូលរបស់ក្រុម ពិតជាខ្លាំង ក្រោយពីការប្រកួតជាមួយនឹងក្រុម Liverpool។

យើងត្រូវតែបង្ហាញអ្វីដែលយើងបានធ្វើនៅថ្ងៃនេះ ដើម្បីបង្កើនកម្រិតលេងជារៀងរាល់សប្តាហ៍។ យើងមានក្រុមដ៏រឹងមាំនៅរដូវកាលនេះ យើងបានព្យាយាមស្វែងរកភាពរឹងមាំ ក្នុងដំណាក់កាលនេះ។ ប៉ុន្តែ យើងត្រូវតែធ្វើការ ដូចដែលយើងបានធ្វើនៅថ្ងៃនេះ ដើម្បីបង្ហាញថា យើងអាចបញ្ចប់ជាមួយនឹងភាពខ្លាំង និងលទ្ធផលដ៏ល្អ»។

ក្រុមរបស់លោក Lampard ទើបតែបានទទួលបានជ័យជម្នះជាលើកទី២ ក្នុងចំណោមការប្រកួតលីក៧លើក ក្រោយពីមានគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Mason Mount, Pedro, Willian និង Olivier Giroud នាកីឡដ្ឋាន Stamford Bridge។

Chelsea ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ បច្ចុប្បន្នកំពុងតែនាំមុខ៣ពិន្ទុដាច់លើក្រុមឈរលេខ៥ Manchester United ហើយស្របពេលនៅសល់៩ប្រកួតទៀត ពួកគេកំពុងតែស្ថិតក្នុងទីតាំងដ៏រឹងមាំក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League៕