ក្រោយចាញ់ Man Utd កាលពីយប់មិញ លោក Pep Guardiola អ្នកចាត់ការទូទៅក្រុម Manchester City បានបង្កើតកំណត់ត្រាបរាជ័យមួយដែលរូបលោកមិនធ្លាប់ជួបក្នុងអាជីពដឹកនាំក្លឹបនាពេលកន្លងមក នៅលីកកំពូលអឺរ៉ុប៣ស្ថាប័នផ្សេងគ្នា។
គ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះបានស្គាល់រសជាតិបរាជ័យលើកទី៧ហើយនៅក្របខណ្ឌ Premier League រដូវកាល ២០១៩-២០២០ នេះ ពោលគឺច្រើនជាងអតីតក្លឹបដែលរូបលោកធ្លាប់ដឹកនាំគឺ Barcelona និង Bayern Munich ដែលរូបលោកមិនធ្លាប់ដឹកនាំចាញ់ច្រើនរហូត ៧ប្រកួតក្នុង ១រដូវកាលដូចេ្នះឡើយ។
កំហុស ២លើករបស់អ្នកចាំទីប្រេស៊ីល Ederson បានផ្តល់ឪកាសអោយក្រុមម្ចាស់ផ្ទះ Man.Utd មានឪកាសរកគ្រាប់បាល់បញ្ចូលទីបានសម្រេច ដោយកីឡាករ Martial ក្រោយការបញ្ជូនបាល់របស់ Fernandes និង Mctominay បើទោះបីជាក្រុមភ្ញៀវមានឪកាសគ្រប់គ្រងបាល់ច្រើនជាងយ៉ាងណាក្តី។
ប្រភព៖ Goal