ក្រុម Valencia នឹងសម្លឹងរកការស្រោចស្រង់ដែលមិនអាចទៅរួចមួយ ដោយគ្មានអ្នកគាំទ្រនៅរាត្រីនេះ នៅពេលដែលពួកគេប្រកួតជាមួយនឹងក្រុម Atalanta ក្នុងក្របខ័ណ្ឌ Champions League នៅកីឡដ្ឋានបិទជិត ដោយសារតែការផ្ទុះជំងឺកូរ៉ូណា។
ការស្រោចស្រង់ពីការចាញ់ក្នុងលទ្ធផល ៤-១ ក្នុងការប្រកួតជើងទី១នៅប្រទេសអ៊ីតាលី នឹងក្លាយជាការដ៏លំបាកមួយសម្រាប់ក្រុម Valencia ហើយការប្រកួតនេះកាន់តែផ្តល់ការលំបាក ក្រោយពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានណែនាំឲ្យការប្រកួតរបស់ពួកគេនៅកីឡដ្ឋាន Mestalla ត្រូវលេងដោយគ្មានអ្នកគាំទ្រ ដើម្បីទប់ស្កាត់ការឆ្លងជំងឺនៅអឺរ៉ុប។
Atalanta មានមូលដ្ឋាននៅ Bergamo ក្នុងតំបន់ Lombardy ភាគខាងជើងប្រទេសអ៊ីតាលី ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលឆ្លងជំងឺជាច្រើនគេបំផុតក្នុងប្រទេសនេះ។ អ៊ីតាលី បានរកឃើញករណីឆ្លងមេរោគកូរ៉ូណាច្រើនជាង៧ពាន់ករណី កាលពីថ្ងៃចន្ទ។
អេស្ប៉ាញ មានករណីឆ្លងតិចតួចប៉ុណ្ណោះមកទល់ពេលនេះ ក្រោយពីមានករណីឆ្លងតិចជាង១០០០នាក់ កាលពីថ្ងៃចន្ទ និងមាន៣៧ករណីក្នុងសហគមន៍ Valencia ក្នុងនោះមានតំបន់ Castellon, Valencia និង Alicante។
Valencia បានប្រកាសកាលពីថ្ងៃទី២៨ ខែកុម្ភៈ ថា ពួកគេនឹងព្យួររាល់សកម្មភាពដែលមិនពាក់ព័ន្ធកីឡាទាំងអស់ជាមួយនឹងកីឡាករក្រុមឈុតធំរបស់ក្លិបនេះ ក្រោយពីអ្នកយកព័ត៌មានម្នាក់ដែលមានវត្តមានក្នុងការប្រកួតជើងទី១ ជាមួយនឹងក្រុម Atalanta កាលពីថ្ងៃទី១៩ ខែកុម្ភៈ ត្រូវបានប្រកាសថា បានឆ្លងជំងឺ៕
ប្រភពព័ត៌មាន៖ Channel News Asia