លោក Mikel Arteta បានបញ្ជាក់ថា ការស្គាល់ផ្ទៃក្នុងយ៉ាងច្បាស់របស់ក្រុម Manchester City អាចជាអត្ថប្រយោជន៍មួយ ស្របពេលដែលលោកត្រៀមសម្រាប់ការវិលត្រឡប់ជាលើកដំបូងជាពិសេសមួយទៅកាន់កីឡដ្ឋាន Etihad ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុម Arsenal នៅរាត្រីថ្ងៃពុធ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ដែលធ្លាប់បានធ្វើការជាជំនួយការគ្រូបង្វឹករបស់លោក Pep Guardiola បានចាកចេញពីក្លិប Man City កាលពីខែធ្នូ ដើម្បីចូលកាន់តំណែងជាអ្នកចាត់ការទូទៅក្នុងក្រុមឈុតធំនៅកីឡដ្ឋាន Emirates។

លោក Arteta នឹងវិលទៅកាន់ទីក្រុង Manchester ជាមួយនឹងក្រុមរបស់លោក ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៩ លើតារាងក្របខ័ណ្ឌ Premier League ប៉ុន្តែ នៅតែមានឱកាសក្នុងការប្រជែងយកកៅអីក្នុងក្របខ័ណ្ឌអឺរ៉ុប។

គ្រូបង្វឹករូបនេះបានឲ្យដឹងថា លោកស្គាល់ពីគោលដៅរបស់ក្រុមរបស់លោក Guardiola យ៉ាងច្បាស់ ស្របពេលដែលពួកគេនឹងសម្លឹងការស្តារមុខរបស់ពួកគេត្រឡប់មកវិញពីការរងបរាជ័យក្នុងលទ្ធផល ២-០ ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុង Manchester តែមួយ កាលពីថ្ងៃអាទិត្យ។

ប៉ុន្តែ លោកបានប្រាប់សន្និសីទសារព័ត៌មានមុនការប្រកួត កាលពីថ្ងៃចន្ទថា៖ «វាគឺជារឿងផ្សេងគ្នាក្នុងអាចបញ្ឈប់បាន ក៏ដូចជាបង្កើតសម្ពាធផ្សេងៗដែលខ្ញុំគិតថា យើងអាចបង្កើតសម្រាប់ពួកគេបាន»។ លោក Arteta បានបន្ថែមទៀតថា៖ «បញ្ហានេះនឹងត្រូវតែកើតឡើងនៅថ្ងៃនេះ នៅពេលដែលពួកគេលេងក្នុងកម្រិតដ៏ខ្លាំងបំផុត។ យើងដឹងថា ពួកគេមានសមត្ថភាពក្នុងការធ្វើរឿងផ្សេងៗជាច្រើន»៕

ប្រភពព័ត៌មាន៖ Channel News Asia