ក្រុម Manchester United បានបោះជំហានដ៏ធំមួយឆ្ពោះទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League តាមរយៈការផ្តួលក្រុមអូទ្រីស LASK Linz ៥-០ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ជើងទី១របស់ពួកគេ នៅកីឡដ្ឋានគ្មានអ្នកគាំទ្រ Linzer ដោយសារតែការឆ្លងរាតត្បាតរបស់មេរោគកូរ៉ូណា។

កម្មវិធីប្រកួត៣គូផ្សេងទៀត ត្រូវបានលេងនៅក្នុងកីឡដ្ឋានគ្មានអ្នកគាំទ្រ ក្នុងនោះរាប់បញ្ចូលទាំងការប្រកួតដែលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ របស់ក្រុម Wolverhampton Wanderers នៅលើទឹកដីក្រុម Olympiakos ផងដែរ។ ការប្រកួតក្នុងទីក្រុង Athens ត្រូវបានអនុញ្ញាតឲ្យដំណើរការជាធម្មតា បើទោះបីលោក Evangelos Marinakis ម្ចាស់ក្លិបក្រិកមួយនេះ បានបញ្ជាក់កាលពីមុនថ្ងៃព្រហស្បតិ៍ថា លោកបានឆ្លងមេរោគក៏ដោយ។

Bayer Leverkusen បានអបអរការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១ នៅលើទឹកដីក្រុម Rangers ពីមុនអ្នកគាំទ្រដ៏ច្រើនកុះករនៅកីឡដ្ឋាន Ibrox ហើយអ្នកគាំទ្ររបស់ក្រុម Istanbul Basaksehir បានជួបការរីករាយយ៉ាងខ្លាំង ក្រោយពីការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Edin Visca នាទី ទី៨៨ បានជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះ ១-០ លើក្រុម FC Copenhagen។

លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ Man United បានកោតសរសើរក្រុមរបស់ខ្លួន សម្រាប់ការរក្សាកំណត់ត្រាមិនស្គាល់ចាញ់រហូតដល់១១ប្រកួត ក្នុងរាល់យុទ្ធនាការទាំងអស់។ លោក Solskjaer បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «វាជាបរិយាកាសដ៏ចម្លែកមួយ ហើយកីឡាករបានរក្សាការផ្តោតអារម្មណ៍ និងបានបង្កើតបរិយាកាសដោយខ្លួនឯង ហើយខ្ញុំគិតថា ស្មារតីក្រុម ត្រូវបានបង្ហាញឲ្យឃើញ»៕

ប្រភពព័ត៌មាន៖ Channel News Asia