សេចក្តីសម្រេចមួយជុំវិញការពន្យារពេលនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ រហូតដល់រយៈពេល១ឆ្នាំ ស្របពេលដែលផលប៉ះពាល់លើលើកីឡា និងហិរញ្ញវត្ថុ នឹងត្រូវកំណត់ នៅពេលដែលសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA រៀបចំកិច្ចប្រជុំដ៏សំខាន់មួយ នៅថ្ងៃអង្គារនេះ ខណៈអឺរ៉ុប កំពុងតែប្រយុទ្ធប្រឆាំងនឹងការរាតត្បាតរបស់មេរោគកូរ៉ូណា។

អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប នឹងរៀបចំសន្និសីទតាមវីដេអូមួយជាមួយនឹងមន្ត្រីតំណាងនានា មកពីសហព័ន្ធជាសមាជិកទាំង៥៥ ក៏ដូចជាអង្គភាពតំណាង់ឲ្យក្លិប និងកីឡាករ។ បន្ទាប់មក UEFA នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៅវេលាម៉ោង 1400 (1300 GMT) នៅឯទីស្នាក់ការរបស់ខ្លួនក្នុងប្រទេសស្វ៊ីស។

អនាគតរបស់ព្រឹត្តិការណ៍ដណ្តើមជើងឯកប្រចាំទ្វីបអឺរ៉ុប ដែលគ្រោងរៀបចំឡើងក្នុងទីក្រុងផ្សេងៗគ្នាចំនួន១២ជាលើកដំបូងទូទាំងទ្វីប ចាប់ពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី១២ ខែកក្កដានោះ កំពុងតែស្ថិតក្នុងភាពមិនច្បាស់ ដូចការប្រកួតក្នុងក្របខ័ណ្ឌ Champions League និង Europa League ដែរ។

សេណារីយ៉ោដ៏ខ្មៅងងឹតនេះ ដែលនាំឲ្យលោក Aleksander Ceferin ប្រធាន UEFA ព្រមានប្រឆាំងនឹងការព្យាករទុកផ្សេងៗ នៅពេលដែលលោកថ្លែងក្នុងកិច្ចប្រជុំរបស់ UEFA ក្នុងទីក្រុង Amsterdam កាលពី២សប្តាហ៍មុននោះ ពេលនេះ ត្រូវតែលើកយកមកពិចារណា។ រាល់ការប្រកួតក្របខ័ណ្ឌលីកក្នុងស្រុកទាំងអស់របស់អឺរ៉ុប ត្រូវបានផ្អាកជាបណ្តោះអាសន្ន កាលពីសប្តាហ៍មុន ខណៈដែល UEFA បានព្យាររាល់ការប្រកួតក្របខ័ណ្ឌ Champions League និងEuropa League ដែលនឹងត្រូវលេងនៅសប្តាហ៍នេះទាំងអស់៕ ឮ

ប្រភពព័ត៌មាន៖ Channel News Asia