ខ្សែបម្រើស្លាប Blaise Matuidi របស់ Juventus ដែលជាសមាជិកឈ្នះពាន World Cup ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិបារាំង និងកីឡាករ Mattia Zaccagni របស់ក្លិប Hellas Verona សុទ្ធសឹងបានពិនិត្យឃើញជាវិជ្ជមានទៅលើវីរុសកូរ៉ូណា។

នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Serie A របស់ពួកគេ កាលពីថ្ងៃអង្គារ។ ក្លិប Juventus បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «Matuidi បានទទួលការធ្វើតេស្ត ដែលបានប្រកាសពីភាពវិជ្ជមានរបស់គេទៅលើវីរុសកូរ៉ូណា ឬកូវីដ-១៩»។

ក្រុមម្ចាស់ជើងឯករបស់អ៊ីតាលីមួយនេះ បានបញ្ជាក់ទៀតថា កីឡាករ Matuidi វ័យ៣២ឆ្នាំ ដែលបានលើកពាន World Cup ឆ្នាំ២០១៨ ស្ថិតក្នុងស្ថានភាពធម្មតា ហើយបច្ចុប្បន្នកំពុងតែនៅដាច់ដោយឡែកពីគេ នៅឯផ្ទះរបស់គេ»។

ខ្សែការពារ Daniele Rugani ដែលជាមិត្តរួមក្លិបរបស់ខ្សែបម្រើស្លាបរូបនេះ គឺជាកីឡាករស្ថិតក្នុងក្របខ័ណ្ឌកំពូលដំបូងគេដែលបានឆ្លងវីរុសកូរ៉ូណា កាលពីថ្ងៃពុធ សប្តាហ៍មុន ដែលនាំឲ្យក្រុមទាំងមូលត្រូវនៅដាច់ដោយឡែក ពីគេ។

កីឡាករសរុបចំនួន១៣នាក់ក្នុងក្របខ័ណ្ឌ Serie A ត្រូវបានពិនិត្យឃើញជាវិជ្ជមានទៅលើជំងឺក៏កាចសាហាវនេះ ក្នុងនោះរាប់បញ្ចូលទាំងកីឡាករ៧នាក់មកពីក្លិប Sampdoria និង៣នាក់មកពីក្លិប Fiorentina ផងដែរ។

ខ្សែបម្រើអ៊ីតាលី Zaccagni វ័យ២៤ឆ្នាំ បាននៅដាច់ដោយឡែកពីគេរួចជាស្រេចក្នុងនាមជាវិធានការការពារទុកមុន ក្រោយពីក្រុម Verona បានប្រកួតជាមួយនឹងក្រុម Sampdoria កាលពីថ្ងៃទី៨ ខែមីនា។ ក្លិបស្ថិតក្នុងចំណាត់ថ្នាក់លេខ៨របស់ក្របខ័ណ្ឌ Serie A មួយនេះ បានឲ្យដឹងថា៖ «Zaccagni កំពុងតែមានសុខភាពជាធម្មតា ក្នុងរយៈថ្មីៗនេះ។ រូបគេបានឡើងកម្តៅក្នុងខ្លួនតែបន្តិចប៉ុណ្ណោះ»៕

ប្រភពព័ត៌មាន៖ Channel News Asia