កីឡាបាល់ទាត់របស់អង់គ្លេស នឹងត្រូវផ្អាកការប្រកួតយ៉ាងហោចណាស់រហូតដល់ថ្ងៃទី៣០ ខែមេសា ដោយសារតែវិបត្តិវីរុសកូរ៉ូណា ប៉ុន្តែនៅរដូវកាលបច្ចុប្បន្ន អាចបន្ថែមថ្ងៃ ដោយគ្មានពេលកំណត់។ នេះបើយោងទៅតាមការប្រកាសរបស់អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់អង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍។
សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ក្របខ័ណ្ឌ Premier League លីកកីឡាបាល់ទាត់អង់គ្លេស (EFL) និងអង្គភាពគ្រប់គ្រងកីឡាអាជីពស្ត្រី រួមជាមួយនឹងសហជីពតំណាងឲ្យកីឡាករ និងអ្នកចាត់ការទូទៅ បានព្រមព្រៀងគ្នាក្នុងការពង្រីកបន្ថែមរូបមន្តប្រកួតរហូតដល់បញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ ក្នុងកិច្ចខិតខំប្រឹងប្រែងបំពេញយុទ្ធនាការនេះ។
បន្ទាប់ពីកិច្ចប្រជុំសន្និសីទតាមវីដេអូមួយ កាលពីថ្ងៃព្រហស្បតិ៍ អង្គភាពទាំងអស់បានយល់ស្របគ្នាថា៖ «យើងរួមសមាគ្គីគ្នាក្នុងការប្តេជ្ញាចិត្តរបស់យើង ដើម្បីស្វែងរកមធ្យោបាយផ្សេងៗក្នុងការចាប់ផ្តើមដំណើរការដូវកាលឆ្នាំ២០១៩-២០២០ ជាថ្មី និងធានាថា រាល់ក្របខ័ណ្ឌលីកក្នុងស្រុក និងអឺរ៉ុប ក៏ដូចជាការប្រកួតពាននានា ត្រូវបានលេងក្នុងពេលឆាប់ៗតាមដែលអាច ខណៈដែលវាក៏ត្រូវតែមានសុវត្ថិភាព ក្នុងការរៀបចំការប្រកួតផងដែរ»។
កាលពីសប្តាហ៍មុន រាល់ការប្រកួតកីឡាបាល់ទាត់ក្រុមឈុតធំទាំងអស់ នៅអង់គ្លេស ក្នុងនោះរាប់បញ្ចូលទាំងក្របខ័ណ្ឌ Premier League ពាន Football League (EFL) និងក្របខ័ណ្ឌស្ត្រី Super League (WSL) ត្រូវបានប្រកាសផ្អាករហូតដល់ថ្ងៃទី៤ ខែមេសា៕
ប្រភពព័ត៌មាន៖ Channel News Asia