ក្លឹបស្វីស Sion បានបណ្ដេញកីឡាករ ៩រូប ដោយក្នុងនោះមាន អតីតកីឡាករ Arsenal ២រូបគឺខ្សែការពារ Johan Djourou និងខ្សែបម្រើ Alexandre Song នៅចំពោះមុខនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ ១៩ ទូទាំងទ្វីបអឺរ៉ុប។
ក្រោយពីមានការផ្អាកលីគនៅប្រទេសស្វីស ដោយមិនមានកំណត់ពេល ប្រធានក្លឹប Sion បានផ្ញើសារតាម Whatsapp ទៅកាន់កីឡាករទាំងអស់ ពី “កិច្ចសន្យាគ្មានការងារធ្វើបែបបច្ចេកទេស” ដោយកាត់ប្រាក់ខែ នៅសល់តែជាង ៩,៧០០ដុល្លារតែប៉ុណ្ណោះ។ ខាងក្លឹបទុកពេលឲ្យឆ្លើយដល់ថ្ងៃពុធ ទី១៨ ខែមីនា នេះ។
ប៉ុន្តែកីឡាករភាគច្រើនបានបដិសេធ និងមិនបានឆ្លើយនូវសារនោះទេ ប៉ុន្តែកីឡាករចំនួន ៩ ត្រូវបានផ្ដាច់កុងត្រាចោលតែម្ដង ហើយភាគច្រើននៃកីឡាករទាំង ៩នោះ ជាកីឡាករដែលនឹងផុតកុងត្រានៅខែមិថុនានេះ។
នៅទ្វីបមានការផ្អាកលីគបាល់ទាត់ជាបន្តបន្ទាប់ ដែលធ្វើឲ្យមានទំនាស់រឿងប្រាក់ខែ។ ទាក់ទិននឹងរឿងនេះ ក្លឹបមួយចំនួនបានព្រមព្រៀងជាមួយកីឡាករ ដើម្បីកាត់ប្រាក់ខែយកទៅផ្គត់ផ្គង់បុគ្គលិកផ្សេងៗទៀត ឯក្លឹបមួយចំនួនទៀតកំពុងស្ថិតក្នុងការចរចា៕