កីឡាករបាល់ទាត់នៅក្លិបកំពូលៗរបស់អាល្លឺម៉ង់ ក្នុងនោះរាប់បញ្ចូលទាំងក្លិប Bayern Munich ផងដែរនោះ បានយល់ព្រមឲ្យកាត់ប្រាក់ខែ ដើម្បីជួយដល់ក្លិបឲ្យរួចផុតពីការរងឥទ្ធិពលដោយសារតែវីរុសកូរ៉ូណា។ នេះបើយោងទៅតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាននានា កាលពីថ្ងៃអង្គារ។
កាសែត Bild បានចេញផ្សាយថា កីឡាករ និងមន្ត្រីរបស់ក្លិបជាច្រើន នៅឯក្រុមម្ចាស់ជើងឯក Bayern ដែលកំពុងតែនាំមុខលើកំពូលតារាង Bundesliga នៅពេលដែលរដូវកាលនេះ ត្រូវបានផ្អាក កាលពីថ្ងៃទី១៣ ខែមីនានោះ បានទទួលយកការកាត់ប្រាក់ខែរបស់ពួកគេចំនួន២០%។
មិនខុសពីក្របខ័ណ្ឌលីកកំពូលៗរបស់អឺរ៉ុបទាំងអស់ឡើយ ខណៈដែលក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ កំពុងតែបាត់បង់ចំណូលពីការផ្សាយ ការឧបត្ថម្ភផ្សេងៗ និងពីការលក់សំបុត្រ អំឡុងពេលនៃការរាតត្បាតរបស់វីរុសកូវីដ-១៩ ខណៈដែលការប្រកួតផ្សេងៗនៅអាល្លឺម៉ង់ ត្រូវបានពន្យារពេលយ៉ាងហោចណាស់ដល់ថ្ងៃទី២ ខែមេសា។
ក្លិប Bayern បានចំណាយលើប្រាក់ខែបុគ្គលិកយ៉ាងច្រើន ដែលបានឈានរហូតដល់ទៅ៣៣៦លានអឺរ៉ូ (ស្មើនឹង៣៦៤លានដុល្លារអាមេរិក) កាលពីឆ្នាំមុន។ កីឡាករនៅក្លិប Borussia Moenchengladbach បានក្លាយជាកីឡាករដំបូងគេក្នុងក្របខ័ណ្ឌ Bundesliga ដែលបានស្នើឲ្យកាត់ប្រាក់ខែ មុននឹងកីឡាករនៅក្លិប Werder Bremen, Schalke 04 និង Borussia Dortmund ធ្វើតាម។ កីឡាករនៅក្លិប Bayer Leverkusen កំពុងតែពិភាក្សាលើសំណើកាត់ប្រាក់ខែ ជាមួយនឹងថ្នាក់ដឹកនាំរបស់ក្លិប៕
ប្រភពព័ត៌មាន៖ Channel News Asia