ខ្សែប្រយុទ្ធ Son Heung-min របស់ក្លិប Tottenham ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរវិលទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ សម្រាប់ហេតុផលផ្ទាល់ខ្លួន។ បើទោះបីចក្រភពអង់គ្លេសនៅតែបិទប្រទេសនៅឡើយ ដោយសារតែវីរុសកូរ៉ូណា ក៏ដោយ ប៉ុន្តែ ក្លិប Spurs ដែលស្ថិតក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃធអាទិត្យ បានបញ្ជាក់ថា Son ត្រូវបានអនុញ្ញាតឲ្យវិលទៅកាន់ទ្វីបអាស៊ីវិញ។

កីឡាករវ័យ២៧ឆ្នាំរូបនេះ កំពុងតែសម្រាកព្យាបាលរបួសបាក់ដៃរបស់គេ ក្រោយពីបានរបួសក្នុងពេលក្រុម Tottenham ដណ្តើមបានជ័យជម្នះលើទឹកដីក្រុម Aston Villa កាលពីថ្ងៃទី១៦ ខែកុម្ភៈ។ វាត្រូវបានគេចេញផ្សាយថា Son និង ឪពុកម្តាយរបស់គេបានធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូលកាលពីថ្ងៃអាទិត្យ ហើយនឹងចំណាយរយៈពេល២ឆ្នាំ ដើម្បីនៅដាច់ដោយឡែកពីគេស្របតាមការណែនាំរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង។

Son បានចំណាយពេលនៅដាច់ដោយឡែកពីគេរយៈពេល២សប្តាហ៍រួចជាស្រេចនៅចក្រភពអង់គ្លេស ក្រោយពីវិលពីប្រទេសកូរ៉េខាងត្បូងវិញ កាលពីចុងខែកូម្ភៈ បន្ទាប់ពីធ្វើដំណើរទៅប្រទេសខ្លួនដើម្បីទទួលការវះកាត់។ រូបគេនឹងចូលរួមក្នុងកម្មវិធីហ្វឹកហាត់ពីចម្ងាយរបស់ក្លិប Tottenham ដែលនឹងត្រូវចាប់ផ្តើមតាមរយៈវីដេអូ នៅថ្ងៃចន្ទនេះ។

Son មិនត្រូវបានរំពឹងទុកថា នឹងវិលចូលលេងពីរបួសវិញនៅរដូវកាលនេះឡើយ ប៉ុន្តែ ការរាតត្បាតរបស់វីរុសកូរ៉ូណា បានពន្យារពេលកីឡាបាល់ទាត់អង់គ្លេស យ៉ាងហោចណាស់ដល់ថ្ងៃទី៣០ ខែមេសា៕

ប្រភពព័ត៌មាន៖ Channel News Asia