ខ្សែបម្រើដ៏មានឥទ្ធិពល Ilkay Gundogan របស់ក្លិប Manchester City បានបញ្ជាក់ថា វានឹងក្លាយជារឿងដ៏យុត្តិធម៌សម្រាប់ក្រុម Liverpool ក្នុងក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League របស់អង់គ្លេស ប្រសិនបើរដូវកាលនេះ មិនអាចបញ្ចប់ជាផ្លូវការ ដោយសារតែការផ្ទុះរាតត្បាតរបស់វីរុសកូរ៉ូណា។

Gundogan បានប្រាប់ទូរទស្សន៍ ZDF របស់អាល្លឺម៉ង់ថា Liverpool ពិតជាស័ក្តិសមក្នុងការក្លាយជាម្ចាស់ជើងឯក ដោយសារតែពួកគេបាននាំមុខ២៥ពិន្ទុដាច់លើក្រុមឈរលេខ២ Man City ដែលជាម្ចាស់ការពារជើងឯកបច្ចុប្បន្ន ខណៈដែលក្រុមកំពុងតែនាំមុខមួយនេះ ត្រូវការឈ្នះត្រឹមតែ២លើកទៀតប៉ុណ្ណោះ ក្នុងការលើកពាន។

នៅពេលដែលត្រូវបានចោទសួរថា Liverpool គួរតែទទួលបានពានក្របខ័ណ្ឌកំពូលជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល៣០ឆ្នាំ ឬយ៉ាងណា ប្រសិនបើរដូវកាលនេះ មិនអាចបញ្ចប់ទាំងស្រុងទេនោះ Gundogan បានឆ្លើយថា៖ «សម្រាប់ខ្ញុំ ពិតណាស់ ខ្ញុំយល់ស្រប»។

Gundogan ដែលបានទទួលស្គាល់ថា វាជារដូវកាលដ៏លំបាកមួយសម្រាប់អាជ្ញាធរកីឡាបាល់ទាត់ ខណៈដែលឥទ្ធិពលអាក្រក់នៃវីរុសកូរ៉ូណា អាចនឹងធ្វើឲ្យរដូវកាលនេះលុបចោលទាំងស្រុងនោះ បានប្រាប់បន្តថា៖ «អ្នកត្រូវតែមានយុត្តិធម៌ក្នុងនាមជាអ្នកកីឡាម្នាក់។ មានជម្រើសផ្សេងៗគ្នាជាច្រើន។ សម្រាប់ក្លិបដែលមានរដូវកាលដ៏ល្អមួយ វាមិនមែនជារឿងល្អឡើយ ប្រសិនបើរដូវកាលលុបចោលនៅពេលនេះ»៕

ប្រភពព័ត៌មាន៖ Channel News Asia