ខ្សែប្រយុទ្ធ Lionel Messi បានប្រកាសកាលពីថ្ងៃចន្ទថា កីឡាកររបស់ក្លិប Barcelona នឹងទទួលយកការកាត់ប្រាក់ខែរហូតដល់ទៅ៧០% និងចូលរួមធ្វើជាវិភាគទានផ្នែកហិរញ្ញវត្ថុ ដើម្បីធានាឲ្យបានថា បុគ្គលិកផ្សេងទៀតរបស់ក្លិប ទទួលបានចំណុលពេញ អំឡុងពេលនៃស្ថានភាពកំពុងតែដុនដាប នៅប្រទេសអេស្ប៉ាញ។

ក្នុងការបញ្ចេញសារដ៏វែងមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Instagram របស់ខ្លួន Messi ក៏បានធ្វើការវិះគន់មួយផ្សេងទៀតផងដែរ ទៅលើក្រុមប្រឹក្សារបស់ក្លិប Barca ដែលត្រូវបានដឹកនាំដោយលោកប្រធាន Josep Maria Bartomeu ដែលរូបគេបានចោទប្រកាន់ថា បានបំផ្លាញកេរិ៍្តឈ្មោះកីឡាករ អំឡុងពេលនៃការចរចានាពេលថ្មីៗនេះ។

ក្លិបអេស្ប៉ាញផ្សេងទៀត ត្រូវបានរំពឹងទុកថា នឹងធ្វើតាម ដើម្បីធ្វើការកាត់ប្រាក់ខែជាបណ្តោះអាសន្ន ខណៈដែលការផ្អាកកីឡាបាល់ទាត់ដោយសារតែការរាតត្បាតជាសកលរបស់វីរុសកូរ៉ូណា ធ្វើឲ្យក្លិបជាច្រើនកំពុងតែព្យាយាមគេចឲ្យផុតវិបត្តិហិរញ្ញវត្ថុ។

ក្លិប Atletico Madrid បានបញ្ជាក់ថា ខ្លួននឹងស្នើកាត់ប្រាក់ខែបុគ្គលិក ដែលម៉ោងការងាររបស់ពួកគេបានរងឥទ្ធិពល ស្របពេលដែលក្លិប Espanyol ក៏បានប្រកាសពីការកាត់ប្រាក់ខែផងដែរ តែសម្រាប់តែបុគ្គលិកកីឡាប៉ុណ្ណោះ។ Messi បានសរសេរថា៖ «សម្រាប់ផ្នែករបស់យើង ពេលវេលាបានមកដល់ហើយក្នុងការប្រកាសថា យើងនឹងចូលរួមជាវិភាគទានផ្សេងៗ ហេតុនេះ បុគ្គលិករបស់ក្លិបអាចទទួលបានប្រាក់ខែ១០០% ខណៈដែលយើងក៏ទទួលយកការកាត់ប្រាក់ខែ៧០%ផងដែរ»៕

ប្រភពពព័ត៌មាន៖ Channel News Asia