ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំក្រោយ ក្រោយពីវីរុសកូរ៉ូណា បានបង្ខំឲ្យមានការសម្រេចចិត្តជាប្រវត្តិសាស្ត្រដើម្បីពន្យារពេលព្រឹត្តិការណ៍កីឡានេះ រហូតដល់ឆ្នាំ២០២១។ នេះបើយោងទៅតាមការប្រកាសរបស់គណៈកម្មាធិការរៀបចំការប្រកួត។
នៅក្នុងសន្និសីទសាសរព័ត៌មានមួយ លោក Yoshiro Mori ប្រធានអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ បានប្រាប់អ្នកយកព័ត៌មានថា៖ «អូឡាំពិក នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។
ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា»។ ក្នុងរយៈពេលប៉ុន្មានម៉ោងមុននេះ លោក Mori បានបញ្ជាក់ថា លោកបានរំពឹងទុកពីការសម្រេចចិត្តមួយពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅសប្តាហ៍នេះ។
អូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ បានគ្រោងចាប់ផ្តើមនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំនេះ និងបន្តរយៈពេល១៦ថ្ងៃ ប៉ុន្តែ ការរាតត្បាតជាសកលរបស់វីរុសកូរ៉ូណា បានបង្ខំឲ្យមានការពន្យារពេលជាលើកដំបូងរបស់ព្រឹត្តិការណ៍នេះ។
IOC និងជប៉ុន បានបញ្ជាក់កាលពីច្រើនសប្តាហ៍មុនថា ព្រឹត្តិការណ៍ អាចនឹងបន្តជាធម្មតា ប៉ុន្តែ ការរាតត្បាតជាសកលរបស់វីរុសកូវីដ-១៩ បានបង្កើតឲ្យមានការអំពាវនាវជាបន្តបន្ទាប់ពីសំណាក់អត្តពលិក និងសហព័ន្ធកីឡា៕
ប្រភពព័ត៌មាន៖ Channel News Asia