លោក Ole Gunnar Solskjaer កំពុងតែរក្សាទំនាក់ទំនងជាមួយនឹងតារាឆ្នើមៗនៃក្រុម Manchester United របស់លោក ខណៈដែលលោកត្រូវដោះស្រាយជាមួយនឹងបញ្ហានៃភាពមិនច្បាស់ ដោយត្រូវបានបង្ករឡើងដោយវីរុសកូរ៉ូណា។
ក្របខ័ណ្ឌ Premier League ត្រូវបានពន្យារពេលយ៉ាងហោចណាស់រហូតដល់ថ្ងៃទី៣០ ខែមេសា ដោយសារតែការរាតត្បាតរបស់ជំងឺករ៉ូណា ហើយវាមានការព្រួយបារម្ភថា រដូវកាលនេះ នឹងត្រូវពន្យារពេលម្តងទៀត នៅពេលដែលភាគីសំខាន់ៗរបស់កីឡាបាល់ទាត់អង់គ្លេស ជួបប្រជុំគ្នាដើម្បីពិភាក្សាទៅលើវិបត្តិនេះ នៅថ្ងៃសុក្រ។
អំឡុងពេលនៃការបិទប្រទេសនៅចក្រភពអង់គ្លេស លោក Solskjaer អ្នកចាត់ការទូទៅរបស់ Man United មិនអាចបង្វឹកក្រុមកីឡាកររបស់លោកជាឯកជនឡើយ។ ប៉ុន្តែ លោកបានរក្សាទំនាក់ទំនងជាមួយនឹងកីឡាករ និងបុគ្គលិកតាមរយៈទូរស័ព្ទ ដើម្បីព្យាយាមធានាថា ពួកគេត្រៀមខ្លួនរួចរាល់ ប្រសិនបើ និងនៅពេលដែលការប្រកួតអាចចាប់ផ្តើមឡើងវិញ។
លោកបានប្រាប់គេហទំព័ររបស់ Man United កាលពីថ្ងៃអង្គារថា៖ «ពិតណាស់ ខ្ញុំស៊ាំទៅនឹងការជួបពួកគេជារៀងរាល់ថ្ងៃ អស់រយៈពេលជាច្រើនម៉ោង ហេតុនេះ វាខុសគ្នា។ ខ្ញុំគ្រាន់តែរក្សាទំនាក់ទំនងជាមួយនឹងពួកគេក្នុងក្រុម WhatApp និងសារផ្សេងៗ ហើយយើងគ្រោងសម្រាប់ពេលដែលយើងវិលត្រឡប់មកវិញ និងរបៀបហ្វឹកហាត់សម្រាប់នៅពេលដែលយើងចាប់ផ្តើម»៕
ប្រភពព័ត៌មាន៖ Channel News Asia