សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប បានសម្រេចចិត្តជម្រះនូវមន្ទិលសង្ស័យផ្សេងៗសម្រាប់ការវិលត្រឡប់របស់ក្លិបកីឡាបាល់ទាត់តាមរយៈការប្រកាសកាលពីថ្ងៃពុធថា រាល់ការប្រកួតអន្តរជាតិទាំងអស់ ដែលត្រូវបានគ្រោងរៀបចំឡើងនៅខែមិថុនា បច្ចុប្បន្ន នឹងត្រូវពន្យារពេលរហូតទាល់តែមានការជូនដំណឹងបន្ថែមទៀត។

អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុប បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នេះរាប់បញ្ចូលទាំងការប្រកួតវគ្គ Playoff សម្រាប់ព្រឹត្តិការណ៍ UEFA Euro ឆ្នាំ២០២០ និងការប្រកួតជម្រុះសម្រាប់ក្របខ័ណ្ឌ UEFA Women’s EURO ឆ្នាំ២០២១ ផងដែរ។

រាល់ការប្រកួតផ្សេងទៀតរបស់ UEFA ក្នុងនោះរាប់បញ្ចូលទាំងការប្រកួតមិត្តភាពអន្តរជាតិនានា នៅតែពន្យារពេលលុះត្រាដែលមានការជូនដំណឹងបន្ថែមទៀត»។ ការសម្រេចចិត្តនេះ បានកើតឡើងក្រោយពីកិច្ចប្រជុំតាមរយៈវីដេអូខលមួយជាមួយនឹងសហព័ន្ធជាសមាជិកចំនួន៥៥របស់អឺរ៉ុ ដែលជាការសម្រេចចិត្តស្របពេលទៅតាមកម្មវិធីនៃការប្រកួត អំឡុងពេលនៃវិបត្តិជំងឺកូរ៉ូណា។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវបានគ្រោងរៀបចំឡើងដើម្បីកាត់សេចក្តីរក៤ក្រុមចុងក្រោយដែលត្រូវឈ្នះកៅអីទៅលេងក្នុងព្រឹត្តិការណ៍ Euro ត្រូវបានពន្យារពេលរួចជាស្រេចនៅចុងខែមីនា និងបានបន្តរហូតដល់ខែមិថុនា៕

ប្រភពព័ត៌មាន៖ Channel News Asia