ការសម្រេចចិត្តរបស់ក្លិប Tottenham Hotspur ក្នុងការកាត់ប្រាក់ខែចំនួន២០%ទៅលើបុគ្គលិកមិនមែនជាកីឡាករចំនួន៥៥០នាក់ ដោយសារតែផលប៉ះពាល់ពីវីរុសកូរ៉ូណា បានបង្កើតឲ្យមានសម្ពាធទៅលើកីឡាកររបស់ក្របខ័ណ្ឌ Premier League ក្នុងការទទួលការកាត់ប្រាក់ខែ ឬក៏បង្កកប្រាក់ខែ។

សហជីពកីឡាករបាល់ទាត់អាជីពហៅកាត់ថា PFA កំពុងតែពិភាក្សាជាមួយនឹងក្របខ័ណ្ឌ Premier League ទៅលើដំណោះស្រាយដ៏ល្អបំផុត ក្នុងពេលផ្អាកយុទ្ធនាការបច្ចុប្បន្ន ប៉ុន្តែ ការសម្រេចចិត្តផ្សេងៗរបស់ក្លិបមួយចំនួនក្នុងការប្រើប្រាស់សេចក្តីណែនាំនៃការផ្អាកការងាររបស់រដ្ឋាភិបាល បានបង្កើតឲ្យមានការរិះគន់យ៉ាងខ្លាំង។

កាលពីថ្ងៃចន្ទ ក្លិប Newcastle United បានផ្តល់ការឈប់សម្រាកដល់បុគ្គលិកមិនមែនជាកីឡាករ និងបានណែនាំឲ្យនិយោជិតនានា ស្នើសុំការអនុច្បាប់ព្យួរការងារដោយសារតែវីរុសកូរ៉ូណា ពីរដ្ឋាភិបាល។

កីឡាបាល់ទាត់អាជីពនៅអង់គ្លេស ត្រូវបានផ្អាកយ៉ាងហោចណាស់ដល់ថ្ងៃទី៣០ ខែមេសា ដោយសារតែការរាតត្បាតខ្លាំងនៃជំងឺ។ កាលពីថ្ងៃអង្គារ ក្លិប Norwich City បានបញ្ជាក់ថា ពួកគេនឹងប្រើប្រាស់វិធីសាស្ត្រដូចគ្នានេះ ដើម្បីធានាឲ្យបាននូវអនាគតការងារ និងជួយរក្សាធ្វើឲ្យក្លិបមានលំនឹង តាមរយៈវិបត្តិនេះ៕

ប្រភពព័ត៌មាន៖ Channel News Asia