ខ្សែបម្រើដ៏មានឥទ្ធិពល Kevin De Bruyne របស់ក្លិប Manchester City បានសន្យាថា នឹងលេងរយៈពេល២ឆ្នាំទៀត នៅឆ្នាំចុងក្រោយនៃអាជីពរបស់គេ ដើម្បីសងពេលវេលាដែលបាត់បង់ដោយសារតែវីរុសកូរ៉ូណា។

ក្របខ័ណ្ឌ Premier League នឹងពន្យារពេលយ៉ាងហោចណាស់រហូតដល់ថ្ងៃទី៣០ ខែមេសា ដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា និងអាចនឹងត្រូវពន្យារពេលយូរបន្ថែមទៀត នៅពេលដែលភាគីពាក់ព័ន្ធរបស់កីឡាបាល់ទាត់អង់គ្លេស ជួបប្រជុំគ្នានៅថ្ងៃសុក្រ។ De Bruyne មិនធ្លាប់បានលេងការប្រកួតសោះ បើគិតចាប់តាំងថ្ងៃទី១ ខែមីនា ដោយសារតែវិបត្តិសុខភាព ហើយបិទពិសោធដ៏សោកសៅនេះ បានបង្ហាញពីកម្រិតដែលតារាឆ្នើមអន្តរជាតិបែលហ្ស៊ិករូបនេះ ស្រឡាញ់កីឡាបាល់ទាត់។

បំណងរបស់ De Bruyne វ័យ២៨ឆ្នាំក្នុងការបន្តអាជីពរបស់គេ កើតឡើង ក្រោយពីរូបគេបានជួបរដូវកាលដ៏រីករាយជាមួយនឹងក្លិប Man City ក្រោយពីអវត្តមានពីការប្រកួតជាច្រើនក្នុងយុទ្ធនាការដែលក្រុមខ្លួនឈ្នះពាន៣ដោយសារតែរបួស។

De Bruyne បាននិយាយក្នុងវីដេអូសួរ-ឆ្លើយលើបណ្តាញ Instagram ជាមួយនឹងមិត្តរួមក្រុមជម្រើសជាតិបែលហ្ស៊ិករបស់គេ Romelu Lukaku និង Axel Witsel ថា៖ «ខ្ញុំបានប្រាប់ភរិយាខ្ញុំរួចហើយថា ខ្ញុំនឹងបន្តលេងឲ្យបានយូរបន្តិច។ បន្ទាប់ពីបញ្ហានេះ ខ្ញុំមិនអាចនៅផ្ទះបានឡើយ។ ខ្ញុំប្រាប់គាត់ថា ខ្ញុំនឹងលេងរយៈពេល២ឆ្នាំទៀត»៕

ប្រភពព័ត៌មាន៖ Channel News Asia