កីឡាបាល់ទាត់ទ្វីបអឺរ៉ុប ដែលបច្ចុប្បន្នស្ថិតនៅទ្រឹងដោយសារតែវីរុសកូរ៉ូនា កំពុងតែផ្តោតលើការចាប់ផ្តើមប្រកួតជាថ្មីនៅខែកក្កដា និងខែសីហាខណៈដែលក្លិប និងក្របខ័ណ្ឌលីកនានា ត្រូវបានបញ្ជាក់ប្រាប់ថា ការបញ្ចប់យុទ្ធនាការផ្សេងៗគួរតែជាដំណោះស្រាយចុងក្រោយ។

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) សហជីពក្លិបអឺរ៉ុប និងក្រុមឆត្រក្របខ័ណ្ឌលីកអឺរ៉ុប បានផ្ញើរលិខិតរួមគ្នាមួយទៅកាន់សមាជិករបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈការបញ្ជាក់ថា វាពិតជាសំខាន់ណាស់ដែលយុទ្ធនាការផ្សេងៗ ក្នុងនោះរាប់បញ្ចូលទាំងក្របខ័ណ្ឌលីក ត្រូវបានកាត់សេចក្តីនៅលើទីលាន។

លិខិតដដែលនោះដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters ត្រូវបានផ្ញើរភ្លាមៗ ក្រោយពីក្របខ័ណ្ឌលីកបែលហ្ស៊ិក បានលុបចោលរដូវកាលរបស់ខ្លួន និងបានប្រកាសថា ក្លិប Club Brugge ជាម្ចាស់ជើងឯក។

ជាមួយគ្នានេះក៏មានការអំពាវនាវជាច្រើនពីសំណាក់ក្លិបផ្សេងៗ ក្នុងប្រទេសហូឡង់ និងអ៊ីតាលី ឲ្យលីកក្នុងស្រុករបស់ខ្លួនត្រូវលុបចោលផងដែរ។ ប៉ុន្តែ ទោះបីជាយ៉ាងណា លិខិតនោះ បានបញ្ជាក់ថា ក្រុមការងារដែលត្រូវបានបង្កើតឡើងដោយ UEFA និងបានយល់ព្រមពន្យារពេលយុទ្ធនាការ Euro ឆ្នាំ២០២០ រហូតដល់ឆ្នាំក្រោយ កំពុងតែធ្វើការដើម្បីស្វែងរកមធ្យោបាយផ្សេងៗដើម្បីបង្អូសរដូវកាលបច្ចុប្បន្នឲ្យហួសកាលបរិច្ឆេទបញ្ចប់ជាផ្លូវការគឺនៅថ្ងៃទី៣០ ខែមិថុនា។ ព័ត៌មានលម្អិតនានា នឹងត្រូវប្រកាសឡើងនៅពាក់កណ្តាលខែឧសភា៕

ប្រភពព័ត៌មាន៖ Channel News Asia