រដ្ឋាភិបាលចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា កីឡាបាល់ទាត់របស់ក្របខ័ណ្ឌអង់គ្លេស Premier League គួរតែទទួលយកការកាត់ប្រាក់ខែ និងធ្វើការរិះគន់ខ្លាំងទៅកាន់ក្លិបស្ថិតក្នុងក្របខ័ណ្ឌកំពូលចំពោះការប្រើប្រាស់ប្រព័ន្ធផ្អាកការងារសម្រាប់បុគ្គលិកមិនមែនជាកីឡាករ។

ក្លិប Tottenham, Newcastle និង Norwich បានបញ្ជាក់ថា ពួកគេនឹងប្រើប្រាស់ប្រព័ន្ធច្បាប់របស់រដ្ឋាភិបាលដើម្បីធានាឲ្យបាននូវប្រាក់ខែ៨០%សម្រាប់បុគ្គលិក ដែលមានចំនួនជាអតិបរមារហូតដល់ទៅ២៤០០ផោន (ស្មើនឹង៣១០០ដុល្លារអាមេរិក) ក្នុង១ខែ។

ការសម្រេចចិត្តនេះ បានធ្វើឲ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំងពីសំណាក់លោក Julian Knight ប្រធានគណៈកម្មាធិការឌីជីថល វប្បធម៌ បណ្តាញសារព័ត៌មាន និងកីឡា ខណៈដែលការកាត់ប្រាក់ខែផ្សេងៗមកទល់ពេលនេះមិនទាន់ឈានដល់ការព្រមព្រៀងគ្នាសម្រាប់កីឡាករដែលមានចំណូលខ្ពស់ ឡើយ។

នៅពេលដែលត្រូវបានចោទសួរថា វាជារឿងត្រឹមត្រូវមែនទេសម្រាប់ក្លិបក្នុងការកាត់ប្រាក់ខែបុគ្គលិកមិនមែនជាកីឡាករតាមរយៈច្បាប់ឈប់សម្រាកពីការងារ លោក Matt Hancock រដ្ឋលេខាធិការសុខាភិបាល បានបញ្ជាក់ថា គ្រប់គ្នាត្រូវតែចូលរួមជាចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។

លោកបានឲ្យដឹងថា៖ «នោះមានន័យថា កីឡាករបាល់ទាត់ក្របខ័ណ្ឌ Premier League ក៏ត្រូវចូលរួមដែរ។ ខ្ញុំគិតថា រឿងដំបូងគេដែលកីឡាករបាល់ទាត់របស់ Premier League អាចធ្វើបាន គឺការចូលរួមជាវិភាគទាន កាត់ប្រាក់ខែ និងចូលរួមជាចំណែក»៕

ប្រភពព័ត៌មាន៖ Channel News Asia