ម្តាយអាយុ៨២ឆ្នាំរបស់លោក Pep Guardiola បានទទួលមរណៈភាព ក្រោយពីបានឆ្លងវីរុសកូរ៉ូណា។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិប Manchester City កាលពីថ្ងៃចន្ទ។

ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រុមគ្រួសាររបស់ Manchester City ពិតជាសោកស្តាយណាស់ក្នុងការប្រកាសនៅថ្ងៃនេះពីការស្លាប់របស់អ្នកស្រី Dolors Sala Carrio ម្តាយរបស់លោក Pep នៅតំបន់ Manresa ទីក្រុង Barcelona ក្រោយពីឆ្លងវីរុសកូរ៉ូណា»។

ក្លិបបានបន្ថែមទៀតថា៖ «គ្រប់គ្នាដែលជាសហការីជាមួយនឹងក្លិបនេះ សម្តែងសម្តែងនូវទុក្ខក្រៀមក្រំយ៉ាងខ្លាំង ក្នុងពេលវេលាដ៏សោកសៅនេះ ចំពោះលោក Pep ក្រុមគ្រួសាររបស់លោក និងមិត្តភក្តិទាំងអស់»។

លោក Guardiola វ័យ៤៩ឆ្នាំ កាលពីខែមុនទើបតែបានបរិច្ចាគទឹកប្រាក់១លានអឺរ៉ូ ដើម្បីទិញបរិក្ខាពេទ្យ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតរបស់ជំងឺកូរ៉ូណា ក្នុងប្រទេសអេស្ប៉ាញរបស់លោក។ លោកក៏បានបញ្ចេញវីដេអូមួយដើម្បីចូលរួមក្នុងមូលនិធី Cityzens At Home របស់ក្លិបផងដែរ ដើម្បីជំរុញឲ្យអ្នកគាំទ្ររក្សាស្ថិតនៅតែក្នុងផ្ទះ។

ប្រទេសអេស្ប៉ាញ បានប្រកាសកាលពីថ្ងៃចន្ទ ពីការធ្លាក់ចុះនូវចំនួនអ្នកស្លាប់ដោយសារតែវីរុសកូរ៉ូណា ជាលើកទី៤ជាប់ៗគ្នា ដោយមានអ្នកស្លាប់៦៣៧នាក់ ក្នុងរយៈពេល២៤ម៉ោង ដែលជាចំនួនដ៏ទាបបំផុតក្នុងរយៈពេលជិត២សប្តាហ៍មកនេះ។ អ្នកស្លាប់ ដែលមានរហូតដល់ទៅ៩៥០នាក់នៅថ្ងៃព្រហស្បតិ៍តែ១ថ្ងៃនោះ មានចំនួនសរុប១៣០៥៥នាក់ ពោលគឺលេខ២បន្ទាប់ពីប្រទេសអ៊ីតាលី៕

ប្រភពព័ត៌មាន៖ Channel News Asia