បរទេស៖ លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ Liverpool បាន​ធ្វើការ​ប្រៀប​ធៀប​ការ​ញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ដ៏​រំភើប​របស់​ក្រុម​លោក​ជាមួយនឹងក្រុម Manchester City កាលពីថ្ងៃ​អាទិត្យ នឹង​ការ​ប្រកួត​​គ្នា​យ៉ាង​ស្វិត​ស្វាញរវាង​កីឡាករ​ប្រដាល់​ដណ្តើម​រង្វាន់​២​នាក់ ដោយ​បញ្ជាក់​ថា គ្មាន​ក្រុម​ណា​អាច​ធ្វេស​ប្រហែស​បាន​ឡើយ សូម្បី​តែ​​១​វិនាទី​។

ខ្សែ​បម្រើ​ប្រយុទ្ធ​ដ៏មាន​ឥទ្ធិ​ពល Kevin De Bruyne បាន​ជួយ​ឲ្យក្រុមម្ចាស់​ការ​ពារ​ជើង​ឯក Man City រក​បាន​គ្រាប់​បាល់​នាំមុខ​មុន​នាកីឡដ្ឋាន Etihad ប៉ុន្តែ កីឡាករ Diogo Jota បាន​រកគ្រាប់​បាល់​តាមស្មើ​វិញ​ក្នុង​រយៈ​ពេល​៨​នាទីមក​ក្រោយ សម្រាប់ក្រុម​ឈរលេខ​២ Liverpool​។ ខ្សែ​ប្រយុទ្ធ Gabriel Jesus បាន​រក្សា​គ្រាប់​បាល់​នាំមុខ​វិញ​សម្រាប់ក្រុម Man City នៅ​មុន​ពេល​សម្រាក​តង់​ទី​១ ប៉ុន្តែ Sadio Mane បាន​​អប​អរ​ថ្ងៃ​ខួប​កំណើត​អាយុ​៣០​ឆ្នាំ​របស់​គេ ជាមួយនឹង​ការ​រក​គ្រាប់បាល់​តាមស្មើ​ជាលើក​ទី​២​សម្រាប់ក្រុម​របស់​លោក Klopp​។ Raheem Sterling ប្រហែល​ជា​បាន​គិត​ថា រូប​គេ​បាន​ជួយ​ឲ្យ​ក្រុម Man City រក​បាន​គ្រាប់បាល់​នាំមុខ​ជាលើក​ទី​៣​ពេល​ប្រកួត​ជា​មួយនឹង​អតីតក្រុម​របស់​គេហើយ ប៉ុន្តែ វីដេអូ​ជំនួយ​អាជ្ញា​កណ្តាល (VAR) បាន​សម្រេច​ថា បាល់នោះ​គឺ​ជាបាល់ Offside ហើយ​កីឡាករ​បម្រុង Riyad Mahrez ក៏​មាន​ឱកាស​ស៊ុត​បាល់​រំលង​របារ​ទី​ផង​ដែរ​។

MANCHESTER, ENGLAND – APRIL 10: Kevin De Bruyne of Manchester City is challenged by Virgil van Dijk of Liverpool during the Premier League match between Manchester City and Liverpool at Etihad Stadium on April 10, 2022 in Manchester, England. (Photo by Michael Regan/Getty Images)

លទ្ធផល​នេះ បាន​បញ្ចប់​ការ​ឈ្នះ​ជាប់​ៗ​គ្នារបស់ Liverpool ត្រឹម​១០​ប្រកួត និង​ធ្វើ​ឲ្យ Man City រក្សា​ការនាំមុខ​១ពិន្ទុ​ដដែល​ ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​៨​លើក​ទៀត​។ លោក Klopp បាន​ប្រាប់​សារ​ព័ត៌​មាន Sky Sports ថា៖ «នេះ​ពិត​ជា​​ការ​ប្រកួត​ដ៏​អស្ចារ្យ​។ ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ ហើយ Man City បាន​ចាប់​ផ្តើម​​យ៉ាងល្អ ប៉ុន្តែ​ អ្នក​​អាច​ចាត់ទុក​ថា ដូច​ជា​ការ​ប្រកួត​ប្រដាល់​អ៊ី​ចឹង​។ បើអ្នក​ទម្លាក់​ដៃ​ទាំង​២​ចុះ​ក្រោម​ត្រឹម​តែ​១​វិនាទី នោះ​អ្នក​នឹង​​រង​នូវ​ការ​វាយ​ឲ្យ​សន្លប់​ធំ​មិន​ខាន​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia