មេរោគរាតត្បាត COVID-19 កំពុងរំខានដល់ការរស់នៅរបស់ប្រជាជនទូទាំងពិភពលោក។ បច្ចុប្បន្ននេះមានករណីឆ្លងរហូតដល់ជិតមួយលាននាក់ហើយទូទាំងពិភពលោកត្រឹមថ្ងៃទី ២ ខែ មេសា។ មេរោគនេះអាចធ្វើមនុស្សខាតការងារ បាត់បង់សេដ្ឋកិច្ច និងអាចឈានដល់សេចក្ដីស្លាប់ទៀតក៏មានបើមិនធ្វើអនាម័យឲ្យបានគ្រប់គ្រាន់។ មិនខុសពីមនុស្សធម្មតា កីឡាករកីឡាការិនីជួរមុខប្រចាំសង្វៀន ONE Championship បានផ្ញើសារអំពីវិធីបង្ការមួយចំនួនដើម្បីរស់នៅឲ្យមានសុវត្ថិភាព និងទប់ស្កាត់មិនឲ្យឆ្លងបន្ត។ សូមតាមដានចំពោះមតិ ឬ ការក្រើនរំលឹកដល់អ្នកគាំទ្ររបស់ជើងខ្លាំងនៅសង្វៀន ONE ដូចខាងក្រោម៖

Aung La N Sang

«សូមសម្អាតអនាម័យគ្រប់ពេល។ លាងដៃឲ្យស្អាត និង ថែរក្សាអនាម័យគ្រប់អវយវៈ របស់អ្នក និងញុំាអាហារដែលមានសុខភាពនៅពេលអ្នកនៅដាច់ដោយឡែក ឬ នៅផ្ទះដើម្បីឲ្យរាងកាយមាំមួន និងសុខភាពល្អ។ ក្នុងនោះត្រូវគេងឲ្យបានគ្រប់គ្រាន់ផងដែរ និង មានអនាម័យជាប្រចាំ»។

Christian Lee

«ខ្ញុំសូមឲ្យមនុស្សរាល់គ្នាឈ្វេងយល់អំពីជំងឺនេះទោះជាយុវជនក្មេងៗមិនឈានដល់ការបាត់បង់ជីវិតច្រើនក៏ដោយ។ ប៉ុន្តែវាជាឧបសគ្គពេលផ្ទុកមេរោគ។ ពេលអ្នកឆ្លង អ្នកអាចឆ្លងទៅឳពុកម្ដាយចាស់ៗ ទៅជីដូន ជីតា ឬ អ្នកជិតខាងចាស់ទៀតផង។ សូមថែរក្សាខ្លួន និងស្នាក់នៅក្នុងផ្ទះតាមតែអាចធ្វើទៅបាន។ បើមិនចាំបាច់ សូមកុំទៅឆ្ងាយអី។ សូមស្នាក់នៅផ្ទះឲ្យច្រើនរហូតដល់ជំងឺនេះរលត់ទៅ»។

Petchmorakot Petchyindee Academy

«ខ្ញុំបារម្ភអំពីអ្នកទាំងអស់គ្នា។ សូមថែរក្សាអនាម័យឲ្យបានល្អ សូមពាក់ម៉ាស់ពេលចេញក្រៅ និងប្រើជែលសម្អាតដៃរៀងរាល់ពេល។ សម្រាប់អ្នកឆ្លង COVID-19 សូមឲ្យឆាប់ជា។ នៅក្លិប Petchyindee របស់យើង។ យើងមានវាស់កម្ដៅរៀងរាល់ពេលមុនហ្វឹកហាត់»។

Sangmanee Sathian MuayThai

«រាល់ឆ្នាំនៅថ្ងៃទី ២០ មីនា ចំថ្ងៃខួបកំណើតរបស់ខ្ញុំ។ ខ្ញុំអញ្ជើញពួកម៉ាក និងសាច់ញាតិមកជប់លៀង។ តែឆ្នាំនេះ គឺនៅផ្ទះជាមួយគ្រួសារ និងអបអរតិចតួច។ កន្លែងហាត់របស់ខ្ញុំត្រូវបិទទ្វារ សូមអ្នកទាំងអស់គ្នាស្នាក់នៅឲ្យមានសុវត្ថិភាព។ ខ្ញុំមិនចេញក្រៅដូចធម្មតាទេ។ វាលំបាកបន្តិច។ ខ្ញុំសង្ឃឹមថាស្ថានភាពអាក្រក់នេះនឹងឆាប់ចប់នាពេលឆាប់»។

Stamp Fairtex

«នៅក្លិប Fairtex យើងមានវាស់កម្ដៅមុនហាត់ ហើយគ្រប់គ្នាពាក់ម៉ាស់។ យើងរត់ និងហាត់នៅក្នុងក្លិបមិនចេញក្រៅដូចមុនទេ។ អ្នកផ្សេងដែលធ្លាប់ទៅកន្លែងអាចកើតជំងឺនេះ ឬ មានរោគសញ្ញា មិនត្រូវអនុញ្ញាតឲ្យហាត់ទេ។ ក្លិបយើងក៏បិទដែរ។ ចំពោះខ្ញុំ ខ្ញុំតែងតែលាងដៃនឹងជែលសម្លាប់មេរោគ និងពាក់ម៉ាស។ ខ្ញុំក៏ហាត់នៅផ្ទះដែរ។ ខ្ញុំបានប្រាប់ម៉ាក់ប៉ា និងគ្រួសារឲ្យស្នាក់នៅមានសុវត្ថិភាព និងថែខ្លួន។ សង្ឃឹមថាយើងជួបគ្នាឆាប់ៗ។ សូមអ្នកទាំងគ្នាសំណាងល្អ»។

Roshnee Khaira

«យើងត្រូវរកវិធីដើម្បីកុំឲ្យឆ្លងមេរោគនេះ។ មេរោគនេះអាចនៅក្នុងលំហរច្រើនម៉ោង។ សូមការពារខ្លួនរបស់អ្នក និងនៅឲ្យឆ្ងាយពីគ្នា ពាក់ម៉ាស់ និង លាងដៃដោយសាប៊ូញឹកញាប់យ៉ាងហោច ២០ វិនាទី ឬ ប្រើជែលលាងដៃសម្លាប់មេរោគ។ មួយទៀតត្រូវអនាម័យសម្អាតជារឿយៗ ទូរសព្ទ និង ក្តារចុច( keyboards) ជាដើមត្រូវសម្អាតដែរ។ មេរោគនេះអាចនៅក្នុងលំហពីពីរទៅ ៣ម៉ោង។ សូមរំលឹកដល់សមាជិកក្នុងផ្ទះជាពិសេសអ្នកមានជំងឺ និងប្រព័ន្ធសុំារបស់រាងកាយខ្សោយ»។

Shannon Wiratchai

«បច្ចុប្បន្ននេះលំបាកបន្តិច។ ប៉ុន្តែអ្នកត្រូវមានការទទួលខុសត្រូវសម្រាប់សង្គម។ បើសិនជាអ្នកនៅផ្ទះ គឺអ្នកមានឱកាសតិចបំផុតដែលឆ្លងមេរោគ។ បើទៅក្រៅ ត្រូវតែមានសុវត្ថិភាពនិងឆាប់មកផ្ទះវិញ។ នោះគឺជារឿងសំខាន់ដើម្បីទប់ស្កាត់ការឆ្លង។ ខ្ញុំជាកីឡាករ ខ្ញុំមានកម្លាំងខ្លាំង បើឆ្លងក៏មិនធ្ងន់ ប៉ុន្តែខ្លាចឆ្លងដល់ម៉ាក់ប៉ារបស់ខ្ញុំ។ រឿងល្អត្រូវនៅកន្លែងមានសុវត្ថិភាពដើម្បីកាត់បន្ថយការឆ្លងព្រោះក្លិបហាត់ត្រូវបានបិទហើយ។ មេរោគនេះអាចនៅវាលលំហ ឬ កន្លែងផ្សេងៗនៅពេលហ្វឹកហាត់»។

Puja Tomar

«អ្នករាល់គ្នាដឹងហើយថា COVID-19 រាលដាលជុំវិញពិភពលោកក្នុងនោះប្រទេសឥណ្ឌាក៏មានដែរ។ រឿងសំខាន់ត្រូវគោរពតាមការណែនាំពីអ្នកជំនាញផ្នែក និង លាងដៃជាប្រចាំ។ សូមគោរពតាមការណែនាំរបស់ពេទ្យ ហើយលាងដៃឲ្យបានត្រឹមត្រូវ។ ត្រូវលាងដៃដោយទឹកស្អាត លាងនឹងសាប៊ូ និងសម្អាតគ្រប់កន្លែងពេលលាងហ្នឹង។ លាងក្រចក ម្រាមដៃឲ្យបានត្រឹមត្រូវយ៉ាងហោច ២០ វិនាទីដែរ។ បន្ទាប់មកត្រូវលាងទឹកស្អាតម្ដងទៀត មុនពេលជូតដៃនឹងក្រដាសស្អាត និង កន្សែងពោះគោ»។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី