លោក Greg Clarke ប្រធានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) បានព្រមាននកាលពីថ្ងៃអង្គារថា ការជួបវិបត្តិហិរញ្ញវត្ថុ ដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា អាចនឹងបំផ្លាញក្លិប និងក្របខ័ណ្ឌលីកផ្សេងៗរបស់អង់គ្លេស ប្រសិនបើភាគីពាក់ព័ន្ធរបស់កីឡានេះ មិនមានបំណងក្នុងការចែករំលែកការឈឺចាប់ទេនោះ។

ស្របពេលដែលក្របខ័ណ្ឌ Premier League និងក្របខ័ណ្ឌអាជីព៣ផ្សេងទៀតរបស់អង់គ្លេស សុទ្ធសឹងត្រូវបានផ្អាកដោយគ្មានពេលកំណត់ ដោយសារតែការផ្ទុះជំងឺឆ្លងកូវីដ-១៩ លោក Clarke មានការព្រួយបារម្ភថា ការធ្លាក់ចុះប្រាក់ចំណេញ អាចនឹងផ្តល់ការស្លាប់ដល់ក្លិបស្ថិតក្នុងក្របខ័ណ្ឌលីកតូចៗ។

ការពិភាក្សាផ្សេងៗរវាងក្របខ័ណ្ឌ Premier League លីកកីឡាបាល់ទាត់ និងសហជីពកីឡាករបាល់ទាត់អាជីព អំពីការបង្កកប្រាក់ខែកីឡាករ និងការកាត់ប្រាក់ខែ៣០% មិនទាន់បង្កើតឲ្យមានដំណោះស្រាយមួយឡើយ ស្របពេលដែលក្លិបជាច្រើន បានផ្អាកការងាររបស់បុគ្គលិកមិនមែនជាកីឡាករ ដើម្បីទប់ស្កាត់ការចំណាយ។

FA បានប្រកាសកាលពីថ្ងៃចន្ទថា បុគ្គលិកដែលមានប្រាក់ខ្ពស់ ក្នុងនោះរាប់បញ្ចូលទាំងគ្រូបង្វឹកនៃក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate ផងដែរនោះ បានទទួលយកការកាត់ប្រាក់ខែ៣០% ស្របពេលដែលសមាជិកក្នុងថ្នាក់ដឹកនាំផ្សេងទៀត ទទួលយកការកាត់ប្រាក់ខែ១៥%។ ប៉ុន្តែ លោក Clarke បាននិយាយថា វិធានការបែបនេះ មិនគ្រប់គ្រាន់ឡើយ ប្រសិនបើភាគីពាក់ព័ន្ធទាំងអស់ក្នុងកីឡានេះ មិនចូលរួមជាមួយគ្នាដើម្បីការពារក្រុមដែលមានទ្រព្យធនតិចទេនោះ៕

ប្រភពព័ត៌មាន៖ Channel News Asia