ក្របខ័ណ្ឌ La Liga អាចនឹងវិលទៅប្រកួតវិញឆាប់ជាងការគ្រោងទុក នៅខែក្រោយនេះ ស្របពេលដែលក្របខ័ណ្ឌលីកនេះ រង់ចាំឱកាសមួយដើម្បីចាប់ផ្តើមជាថ្មី បន្ទាប់ពីបិទដោយសារតែវីរុសកូរ៉ូណា។ នេះបើយោងទៅតាមការប្រកាសរបស់ប្រធានក្របខ័ណ្ឌលីកអេស្ប៉ាញ លោក Javier Tebas កាលពីថ្ងៃអង្គារ។

លោក Tebas ក៏បានព្រមានផងដែរថា ក្លិបនានារបស់អេស្ប៉ាញ អាចនឹងបាត់បង់ចំណូលរហូតដល់ទៅ១ពាន់លានអឺរ៉ូ ប្រសិនបើ១,១ពាន់លានដុល្លារអាមេរិក) ប្រសិនបើរដូវកាលនេះ មិនបានបញ្ចប់ទាំងស្រុងទេនោះ។

ក្លិបទាំងអស់របស់អេស្ប៉ាញ មិនបានលេងការប្រកួតជាផ្លូវការ១លើកសោះ បើគិតចាប់តាំងពីថ្ងៃទី១១ ខែមីនា ដែលនៅពេលនោះ ក្រុម Atletico Madrid បានទម្លាក់ក្រុម Liverpool ចេញពីក្របខ័ណ្ឌ Champions League។

លោក Tebas បាននិយាយថា ការហ្វឹកហាត់ផ្សេងៗ នឹងមិនត្រូវបានធ្វើឡើងឡើយ លុះត្រាតែវិធានការគ្រោះអាសន្នផ្សេងៗ ដែលត្រូវបានដាក់រហូតដល់ថ្ងៃទី២៦ ខែមេសា ត្រូវបានលុបចោលវិញ នៅប្រទេសអេស្ប៉ាញ។ លោកព្យាករថា ក្លិបនានា អាចបាត់បង់ប្រាក់ចំណូលដល់ទៅ១ពានលានអឺរ៉ូ ប្រសិនបើយុទ្ធនាការបច្បន្ន ត្រូវបានលុបចោល។

លោក Tebas បានប្រកាសថា កាលបរិច្ឆេទនៃការចាប់ផ្តើមប្រកួតចំនួន៣ បច្ចុប្បន្នកំពុងតែស្ថិតក្នុងការពិភាក្សាជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) តាមរយៈការបញ្ជាក់ថា៖ «ក្នុងចំណោមសេណារីយ៉ូផ្សេងៗគ្នាទាំងអស់ ដែលយើងកំពុងតែសម្លឹងមើល ជាមួយនឹង UEFA ដើម្បីចាប់ផ្តើមរដូវកាលជាថ្មី កាលបរិច្ឆេទដែលអាចទៅរួចច្រើនជាងគេគឺថ្ងៃទី២៨ ខែឧសភា ថ្ងៃទី៦ ខែមិថុនា ឬថ្ងៃទី២៨ ខែមិថុនា»៕

ប្រភពព័ត៌មាន៖ Channel News Asia