លោក Ole Gunnar Solskjaer កំពុងតែសម្លឹងមើលគោលដៅកីឡាករដែលត្រូវទិញចូល អំឡុងពេលនៃការផ្អាកការប្រួត និងជឿជាក់ថា ក្រុម Manchester United កំពុងតែត្រៀមខ្លួនយ៉ាងរួចរាល់ ដើម្បីដណ្តើមយកប្រៀបផ្សេងៗពីឥទ្ធិពលនៃការពន្យារពេលប្រកួតដោយសារតែវីរុសកូរ៉ូណា។

ស្របពេលដែលការហ្វឹកហាត់ និងការប្រកួតនានាត្រូវបានផ្អាកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ បានប្រើប្រាស់ពេលទំនេររបស់លោក ដើម្បីបង្ហាញពីចំណុចដ៏ល្អបំផុតក្នុងការអភិវឌ្ឍក្រុមរបស់លោក។ កីឡាករ Jadon Sancho, Jude Bellingham និង Jack Grealish សុទ្ធសឹងជាកីឡាករដែលកំពុងតែស្ថិតក្នុងរ៉ាដារបស់ក្លិប ខណៈដែលលោក Solskjaer កំពុងតែធ្វើការជាមួយនឹងបុគ្គលិករបស់ Man United ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន។

អ្នកចាត់ការទូទៅរបស់ក្រុម Man United រូបនេះបានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «កីឡាបាល់ទាត់នឹងវិលទៅប្រកួតវិញជាធម្មតាក្នុងចំណុចមួយ ហើយវាពិតជាសំខាន់ណាស់ដែលយើងត្រៀមខ្លួនរួចរាល់ នៅពេលដែលការវិលត្រឡប់នោះកើតឡើង។ យើងចង់ស្ថិតក្នុងស្ថានភាពដ៏ល្អបំផុត ហើយពិតណាស់ ពេលនេះជាឱកាសមួយក្នុងការចំណាយពេលបន្ថែមទៀត ក្នុងការពិភាក្សាជាមួយនឹងកីឡាករ និងពិភាក្សាលើផែនការផ្សេងៗ»៕

ប្រភពព័ត៌មាន៖ Channel News Asia