កីឡាបាល់ទាត់ក្នុងក្របខ័ណ្ឌ Premier League ដែលកំពុងតែស្ថិតក្រោមសម្ពាធក្នុងការទទួលយកការកាត់ប្រាក់ខែ អំឡុងពេលនៃការផ្ទុះរាតត្បាតរបស់ជំងឺកូរ៉ូណា បានបង្កើលតមូលនិធិមួយដើម្បីរ៉ៃអង្គាសប្រាក់សម្រាប់កម្មវិធីសប្បុរសធម៌សេវាសុខាភិបាលជាតិ (NHS) ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ស្របពេលដែលក្របខ័ណ្ឌ Premier League កំពុងតែស្ថិតនៅទ្រឹង កីឡាករនានា ត្រូវបានគេរិះគន់នៅលើបណ្តាញសារព័ត៌មានចក្រភពអង់គ្លេសកាលពីសប្តាហ៍មុន សម្រាប់រឹងទទឹងនៃការអំពាវនាវពីក្លិបនានា ឲ្យទទួលយកការកាត់ប្រាក់ខែ និងការបង្កកប្រាក់ខែ ដើម្បីកាត់បន្ថយការចំណាយផ្សេងៗ។

ទោះបីជាយ៉ាងណា សហជីពកីឡាករ បានចោទសួរទៅលើការអំពាវនាវលើការកាត់ប្រាក់ខែកីឡាករ៣០% តាមរយៈការបញ្ជាក់ថា វាគ្រាន់តែកាត់បន្ថយចំណូលពន្ធសម្រាប់សេវាសុខាភិបាលជាតិរសប់អង់គ្លេស ប៉ុណ្ណោះ។

សហជីពដដែល បានឲ្យដឹងថា កីឡាករចង់ឲ្យមានការធានាថា ការចូលរួមជាវិភាគទានរបស់ពួកគេបានគាំទ្រដល់ក្លិបនានាដែលពួកគេលេងឲ្យ បុគ្គលិកមិនមែនជាកីឡាករ ក្លិបស្ថិតក្នុងក្របខ័ណ្ឌទាបៗ និងសេវាសុខាភិបាលជាតិ។

ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Harry Kane របស់ក្លិប Tottenham និងខ្សែបម្រើ Jordan Henderson របស់ក្លិប Liverpool សុទ្ធសឹងស្ថិតក្នុងចំណោមកីឡាករដែលបានសម្តែងនូវការចូលរួមជាវិភាគទានតាមរយៈការប្រកាសនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃពុធ ជាមួយនឹងទស្សនទានថា «#Playerstogether»៕

ប្រភពព័ត៌មាន៖ Channel News Asia