ក្លិបកីឡាបាល់ទាត់ចិនជាច្រើន នឹងអនុវត្តន៍គោលការណ៍កាត់ប្រាក់ខែកីឡាករ ស្របពេលដែលក្រុមបាល់ទាត់ជាច្រើនទូទាំងពិភពលោក ព្យាយាមទប់ស្កាត់វិបត្តិហិរញ្ញវត្ថុ ដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា។

ក្លិប Barcelona របស់ Lionel Messi និង Juventus របស់ Cristiano Ronaldo សុទ្ធសឹងបានអនុវត្តន៍វិធានការដូគ្នានេះ ស្របពេលដែលកីឡាកររបស់ក្លិប Real Madrid បានយល់ព្រមកាត់ប្រាក់ខែរបស់ខ្លួនរហូតដល់១/៥។ កីឡាករជាច្រើនក្នុងក្របខ័ណ្ឌចិន Super League (CSL) ដែលបានចំណាយប្រាក់ជាច្រើនទៅលើប្រាក់ខែកីឡាករបរទេសឆ្នើមៗនោះ កំពុងតែស្ថិតក្រោមសម្ពាធក្នុងការអនុវត្តន៍វិធីសាស្ត្រដូចគ្នានោះ។

សហព័ន្ធកីឡាបាល់ទាត់ចិន បានបញ្ជាក់ថា បន្ទាប់ពីការពិភាក្សាផ្សេងៗជាមួយនឹងក្លិបនានាកាលពីថ្ងៃព្រហស្បតិ៍ ក្លិបទាំងអស់ដែលស្ថិតក្នុងក្របខ័ណ្ឌកំពូលរបស់ចិន និងក្របខ័ណ្ឌ២ផ្សេងទៀត នឹងអនុវត្តន៍លក្ខខណ្ឌនៃការកាត់ប្រាក់ខែប្រកបដោយហេតុផល។

ការកាត់ប្រាក់ខែនេះ នឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី១ ខែមីនា និងបន្តរហូតដល់រដូវកាលថ្មីចាប់ផ្តើម។ ព័ត៌មានចុងក្រោយថ្មីៗនេះ បានចេញផ្សាយថា រដូវកាលថ្មីអាចនឹងចាប់ផ្តើមនៅចុងខែឧសភា។

យុទ្ធនាការ Chinese Super League ត្រូវបានគ្រោងចាប់ផ្តើមនៅថ្ងៃទី២២ ខែកុម្ភៈ ប៉ុន្តែ ត្រូវបានពន្យារពេល ដោយការផ្ទុះការរាតត្បាតរបស់វីរុសកូរ៉ូណា ដែលបានចាប់ផ្តើមក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន នៅមុនពេលរាតត្បាតទូទាំងពិភពលោក៕

ប្រភពព័ត៌មាន៖ Channel News Asia