សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) បានស្នើកាលពីថ្ងៃព្រហស្បតិ៍ថា ចំណាត់ថ្នាក់នៅលើតារាងក្របខ័ណ្ឌ La Liga នាពេលបច្ចុប្បន្ន នឹងកាត់សេចក្តីថា ក្រុមណានឹងឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការអឺរ៉ុប ប្រសិនបើរដូវកាលនេះ ត្រូវតែលុបចោល ដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា។
ក្របខ័ណ្ឌ La Liga និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) មិនបានផ្តល់ការយល់ព្រមទៅលើគម្រោងនេះឡើយ ខណៈដែលអង្គភាពទាំង២បានបញ្ជាក់ថា ពួកគេនៅតែផ្តោតលើការស្វែងរកវិធីសាស្ត្រមួយ ដើម្បីធានាថា រដូវកាលក្នុងស្រុក អាចបំពេញជាស្ថាពរ។
លោក Javier Tebas ប្រធានក្របខ័ណ្ឌ La Liga ធ្លាប់បាននិយាយកាលពីខែមុនថា ក្របខ័ណ្ឌលីកនេះ បានកំណត់ថា នៅចុងខែឧសភា និងដើមខែមិថុនា ឬចុងខែមិថុនា សុទ្ធសឹងជាពេលវេលាអាចទៅរួចក្នុងចាប់ផ្តើមយុទ្ធនាការជាថ្មី។
ប៉ុន្តែ សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ ដែលប៉ះទង្គិចជាមួយនឹងក្របខ័ណ្ឌ La Liga ជារឿយៗជុំវិញបញ្ហានយោបាយ ក្នុងកីឡាបាល់ទាត់អេស្ប៉ាញ បានដាក់ចេញនូវគម្រោងមួយ ដែលនឹងតម្រូវឲ្យក្រុមមានចំណាត់ថ្នាក់កំពូលទាំង៤នាពេលបច្ចុប្បន្នរួមមាន Barcelona, Real Madrid, Sevilla និង Real Sociedad ឈ្នះកៅអីទៅលេងក្នុងក្រខ័ណ្ឌ Champions League នារដូវកាលក្រោយ។
ក្រុម Getafe និង Atletico Madrid ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ និងលេខ៦រៀងៗខ្លួន នឹងឈានទៅប្រកួត Europa League រួមជាមួយនឹងក្រុម Athletic Bilbao ដែលជាក្រុមឈានទៅប្រកួតពាន Copa del Rey វគ្គផ្តាច់ព្រ័ត្រ និងមានចំណាត់ថ្នាក់ខ្ពស់ជាងគេបន្ទាប់ពីលេខ៦៕
ប្រភពព័ត៌មាន៖ Channel News Asia