សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ តាមវីដេអូខល នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា សប្តាហ៍ក្រោយ ខណៈដែលពួកគេបន្តស្វែងរកវិធីសាស្ត្រផ្សេងៗក្នុងការចាប់ផ្តើមរដូវកាលនេះឡើងវិញ ស្របពេលកំពុងមានវិបត្តិវីរុសកូរ៉ូណា។
នេះបើយោងទៅតាមការបញ្ជាក់របស់អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុបមួយនេះ។ នៅមុនពេលកិច្ចប្រជុំនោះ ប្រធានសហព័ន្ធជាសមាជិកនីមួយៗទាំង៥៥ របស់ UEFA នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីពិនិត្យមើលការវិវឌ្ឍផ្សេងៗ ទៅលើលក្ខខណ្ឌនានាទាំងក្នុងស្រុកង និងទ្វីប។
UEFA ក៏នឹងត្រូវជួបប្រជុំជាមួយនឹងសហព័ន្ធក្លិបទ្វីបអឺរ៉ុប (ECA) និងក្រុមក្របខ័ណ្ឌលីកអឺរ៉ុប នៅថ្ងៃពុធ ផងដែរ។ កិច្ចប្រជុំទាំងនោះ អាចនឹងបង្កើតឲ្យមានការប្រកាសជាផ្លូវការទៅលើការលើកពេលការប្រកួតព្រឹត្តិការណ៍ Euro ផ្នែកនារី រយៈពេល១ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ២០២២ បន្ទាប់ពីការសម្រេចចិត្តមុននេះ ដើម្បីលើកពេលការប្រកួត Euro ផ្នែកបុរស រហូតដល់ឆ្នាំ២០២១ ប៉ុន្តែ ការសម្រេចចិត្តផ្សេងទៀត ប្រហែលជាមិនកើតឡើងឡើយ។
ក្របខ័ណ្ឌលីកទាំងអស់ទូទាំងអឺរ៉ុប ក៏ដូចជាក្របខ័ណ្ឌ UEFA Champions League និង Europa League ត្រូវបានផ្អាក កាលពីពាក់កណ្តាលខែមីនា ខណៈដែលប្រទេសជាច្រើនបានសម្រេចដាក់បម្រាមផ្សេងៗ ដោយសារតែការឆ្លងរាតត្បាត។ ប្រទេសតែមួយដែលនៅតែលេងក្របខ័ណ្ឌលីករបស់ខ្លួន គឺបេឡារុស៕
ប្រភពព័ត៌មាន៖ Channel News Asia