ខ្សែបម្រើដ៏មានឥទ្ធិពល Kevin De Bruyne កំពុងតែធូរស្រាលពីជំងឺមួយ ប៉ុន្តែ តារាឆ្នើមរបស់ក្លិប Manchester City រូបនេះ បាននិយាយថា រូបគេមិនប្រាកដថា រូបគេបានឆ្លងជំងឺកូរ៉ូណា ឬយ៉ាងណាឡើយ។

De Bruyne និងក្រុមគ្រួសាររបស់គេ បានធ្លាក់ខ្លួនឈឺប្រមាណជា២សប្តាហ៍ ប៉ុន្តែ ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិករូបនេះ មិនបានពិនិត្យឃើញថា រូបគេបានឆ្លងវីរុសកូរ៉ូណា ឬយ៉ាងណាឡើយ។

De Bruyne បានប្រាប់ទូរទស្សន៍ Sky Sports កាលពីថ្ងៃសុក្រថា៖ «និយាយតាមត្រង់ទៅ ខ្ញុំកំពុងតែមានសុខភាពល្អ។ រយៈពេល២សប្តាហ៍មុន ក្រុមគ្រួសាររបស់ខ្ញុំបានធ្លាក់ខ្លួនឈឺ ហេតុនេះ យើងមានបញ្ហាបន្តិច ប៉ុន្តែ ពេលនេះ ពួកគេទាំងអស់គ្នា មានសុខភាពល្អវិញហើយ។ យើងមិនដឹងថា យើងបានឆ្លងវីរុសកូរ៉ូណា ឬអត់ឡើយ ប៉ុន្តែ ខ្ញុំគិតថា យើងមានសុខភាពល្អនៅពេលនេះ»។

ក្រោយពី De Bruyne បានជាសះស្បើយពីជំងឺ ខ្សែបម្រើរូបនេះ កំពុងតែព្យាយាមធ្វើឲ្យខ្លួនរបស់គេមានភាពរឹងមាំ តាមដែលអាច ស្របពេលដែលរូបគេក៏កំពុងតែអនុវត្តគម្លាតក្នុងសង្គមផងដែរ។

ក្របខ័ណ្ឌ Premier League កំពុងតែផ្អាកដោយគ្មានដែនកំណត់ ដោយសារតែការឆ្លងរាតត្បាត ប៉ុន្តែ ឱកាសនៃការចាប់ផ្តើមរដូវកាលនេះម្តងទៀតនៅតែមាន។ De Bruyne បានបន្ថែមទៀតថា៖ «យើងមានអារម្មណ៍ចម្លែងក្នុងរយៈពេល២សប្តាហ៍ដំបូង ប៉ុន្តែ ខ្ញុំមិនដឹងថា មកពីមូលហេតុអ្វីឡើយ»៕