Daily Mail ក្រុមអធិរាជស Real Madrid បានច្រានចោលគោលបំណងក្នុងការចុះហត្ថលេខាខ្សែប្រយុទ្ធឆ្នើម Harry Kane ពីក្រុមមាន់ខ្នាយមាស Tottenham Hot Spur ហើយ។ ម្ចាស់ជើងឯក Champion League ១៣សម័យបានផ្លាស់ប្តូរចិត្តចង់បានខ្សែប្រយុទ្ធអង់គ្លេសវ័យ២៦ឆ្នាំរូបនេះ ដោយសារក្លឹបមិនមានបំណងវិនិយោគ ដែលមានតម្លៃខ្ពស់បំផុតរហូតដល់ទៅ ២០០លានផោន។

ជាពិសេសនៅក្នុងពេលមានវិបត្តិរីករាលដាលនៃមេរោគកូវីត-១៩ស្របពេល ប្រាក់ចំណូលរបស់ក្លឹបបានថមថយចុះយ៉ាងខ្លាំងនោះ។ ផ្ទុយទៅវិញ Real Madrid បានបង្ហាញពីគោលបំណងចង់ចុះហត្ថលេខាខ្សែប្រយុទ្ធវ័យក្មេងបារាំង Kilyan Mbappe ជាកីឡាករអាទិភាពច្រើនជាង។

អនាគតរបស់ Kane នៅជាមួយក្លឹបហាក់ជួបភាពមិនច្បាស់លាស់ បន្ទាប់ពីបានអវត្តមានអស់រយៈពេលជាច្រើនសប្តាហ៍ដោយសារការរងរបួសនៅរដូវកាលនេះស្របពេល មិត្តរួមក្រុមរបស់ Tottenham ខ្សែបម្រើ-ប្រយុទ្ធ Lucas Moura បានប្រាប់ទូរទស្សន៏ Sky Sports គ្រូបង្វឹកលោក Jose Mourinho ចង់អោយកីឡាករសំខាន់រូបនេះបន្តលេងជាមួយក្លឹបនៅ រដូវកាលក្រោយបន្តទៀត។

ប្រភព៖ Besoccer