ក្របខ័ណ្ឌចិន Super League (CSL) ដែលត្រូវបានពន្យារពេលដោយសារតែវីរុសកូរ៉ូណា ត្រូវបានគ្រោងនឹងចាប់ផ្តើមនៅចុងខែមិថុនា ឬដើមខែកក្កដា។ នេះបើយោងទៅតាមការបញ្ជាក់របស់ប្រធានក្លិបម្នាក់។
ក្របខ័ណ្ឌលីកផ្សេងៗ ដែលត្រូវបានផ្អាក់ទូទាំងពិភពលោក ក្នុងនោះរាប់បញ្ចូលទាំងលីកនៅអឺរ៉ុប ផងដែរ នឹងត្រូវតាមដានក្របខ័ណ្ឌចិន ដើម្បីយកជាគំរូ ទៅលើបញ្ហាប្រឈមផ្សេងៗ ដែលពួកគេអាចជួបប្រទះក្នុងពេលចាប់ផ្តើមយុទ្ធនាការផ្ទាល់ខ្លួនរបស់ខ្លួន ឡើងវិញ។
យុទ្ធនាការនេះ ធ្លាប់ត្រូវបានគ្រោងចាប់ផ្តើមនៅថ្ងៃទី២២ ខែកុម្ភៈ ប៉ុន្តែ ត្រូវបាផ្អាកដោយគ្មានពេលកំណត់ ដោយសារតែការរាតត្បាតខ្លាំងរបស់មេរោគ ដែលបានផ្ទុះឡើងក្នុងប្រទេសចិន កាលពីខែធ្នូ នៅមុនពេលឆ្លងរាតត្បាតទូទាំងពិភពលោក។
បើយោងទៅតាមបណ្តាញសារព័ត៌មានរបស់រដ្ឋ លោក Huang Shenghua ប្រធានក្លិប Guangzhou R&F បានឲ្យដឹងថា៖ «ដោយផ្អែកទៅលើការវិភាគផ្សេងៗនៃស្ថានភាពបច្ចុប្បន្ន រដូវកាលថ្មីនេះ នឹងចាប់ផ្តើមនៅចុងខែមិថុនា ឬដើមខែកក្កដា»។
លោក Huang បានបញ្ជាក់ថា រដូវកាលនេះ នឹងត្រូវចាប់ផ្តើមក្នុងលក្ខខណ្ឌពេញលេញ ដោយក្រុមនីមួយៗ នឹងលេងការប្រកួតសរុប៣០ប្រកួត។ បណ្តាញសារព័ត៌មានដដែល មិនបានបញ្ជាក់ថា ការប្រកាសជាផ្លូវការមួយ នឹងត្រូវធ្វើឡើងពីសហព័ន្ធកីឡាបាល់ទាត់ចិន ឡើយ៕
ប្រភពព័ត៌មាន៖ Channel News Asia